ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទៃអាងស្តុកទឹកបឹងត្របែក នឹងប្រែមុខមាត់ថ្មី អមជាមួយផ្លូវនៅជុំវិញ ដែលកំពុងតែស្ថាបនាសម្រេចបានប្រមាណ ៨០% ហើយ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលខណ្ឌចំការមន បានលើកឡើងថា ការងារបុកស៊ីផាយ ការស្ថាបនាផ្លូវអមជុំវិញផ្ទៃអាងស្តុកទឹកបឹងត្របែក ក្រុមការងារ សម្រេចការស្ថាបនាបានជាង ៨០% ហើយ ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បាន ថ្លែងដូចនេះ ក្នុងឱកាសដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ សហការជាមួយមន្ទីរសាធាណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនបុកស៊ីផាយ បានចុះពិនិត្យវឌ្ឍនភាព នៃការបុកស៊ីផាយ ការស្ថាបនាផ្លូវអមជុំវិញផ្ទៃអាងស្តុកទឹកបឹងត្របែក និងបើកផ្លូវលេខ៤៩២ ទម្លុះទៅផ្លូវលេខ១០៥ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃ ទី៣០ ខែមីនា ឆ្នាំ២០២២ ។

លោក ថេង សុថុល បានប្រាប់អ្នកយកព័ត៌មានថា ការចុះពិនិត្យវឌ្ឍនភាពការងារនាពេលនេះ គឺដើម្បីរកលទ្ធភាពស្ដារ ផ្ទៃអាងស្តុកទឹកបឹងត្របែក ជាមួយនឹងការពិនិត្យការស្ថាបនាផ្លូវជុំវិញអាងស្តុកទឹកបឹងត្របែក នេះ ។ លោកអភិបាលខណ្ឌ បានបន្តថា ចំពោះការងារបុកស៊ីផាយ ការស្ថាបនាផ្លូវអមជុំវិញផ្ទៃអាងស្តុកទឹកបឹងត្របែក ក្រុមការងារ សម្រេចការស្ថាបនាបានជាង ៨៥% ខណៈដែលផ្លូវអមជុំវិញផ្ទៃអាងស្តុកទឹកបឹងត្របែក មានប្រវែងជាង ៨០០ម៉ែត្រ ។

លោក ថេង សុថុល បានបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមការងារក៏នៅមានបញ្ហាប្រឈមខ្លះ ដែលត្រូវធ្វើការដោះស្រាយ តែនៅពេលចំពោះមុខនេះ យើងធ្វើការមួយជំហានសិន ដោយក្រុមការងារកំពុងធ្វើក្រវ៉ាត់ជាមុនសិន ។

សូមជម្រាបថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២២១ អនក្រ.បក ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំ ១៤៥ពាន់៦២៧ម៉ែត្រក្រឡា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដូចមាន តារាងនិយាមកា ។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

បើតាមមន្ត្រីជំនាញ បានឱ្យដឹងថា ការស្ថាបនាជញ្ជាំងទប់នឹងត្រូវធ្វើពីបេតុងអារម៉េ ដែលនឹងព័ទ្ធជុំវិញអាងស្តុកទឹកបឹងត្របែក ដើម្បីការពារមិនឱ្យមានរំលោភបន្តទៀត។ មួយវិញទៀត រដ្ឋ នឹងធ្វើការជីកស្តារអាងទឹកបឹងត្របែកផ្នែកខាងលើឱ្យជ្រៅជាងមុន ដើម្បីឱ្យស្ថានីយបូមទឹក អាចបូមទម្លាក់បន្តទៅកាន់ប្រព័ន្ធបង្ហូរទឹក នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញបាន ។ ការស្តារនេះ នឹងធ្វើឱ្យអាងស្តុកទឹក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្តុកទឹកភ្លៀង ដើម្បីបញ្ចៀសនូវការលិចលង់នៅក្នុងក្រុង ៕

ដោយ៖ ជីណា


ចែករំលែក៖