ខេត្តសៀមរាប៖ ថ្លែងក្នុងពេលចុះពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ នៅខេត្តសៀមរាប នាព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោបានថ្លែងថា៖ «ខ្មែរខ្លះក៏វិភាគបរទេសខ្លះក៏វិភាគជួនកាលអ្នកខ្លះក៏គេថាខុសដែរ អ្ហេ! មិនមែនទេ(ដាក់ទ័ពចិន)។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាកម្ពុជាអនុញ្ញាតឱ្យមានត្រឹមតែអនុព័ន្ធយោធាបរទេសនៅក្នុងប្រទេសប៉ុណ្ណោះ និងប្រកាសច្រានចោលការដែលមនុស្សមួយចំនួនលើកឡើងថាការកសាងហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះធំៗជាការត្រៀមទទួលយន្តហោះយោធាចិន។
សម្តេចតេជោថ្លែងថា, បើមិនមែនខ្ញុំអរគុណ! តែបើអ្នកឯងថាត្រៀមចុះយន្តហោះអ្នកឯងត្រូវមាត់ខ្ញុំហើយ។ ច្បាស់ហើយយន្តហោះចុះ ហើយយន្តហោះមកពីណាក៏បាន យន្តហោះចិន! ចិនប្រើលុយចូលដល់ពាន់លានកន្លែងនេះ មិនមែនគ្រាន់តែទទួលយន្តហោះចិនទេ! គ្រប់យន្តហោះមកពីណាក៏ដោយចុះបានទាំងអស់។ កម្ពុជាមិនល្ងង់រហូតទៅដល់ឱ្យទឹកដីរបស់ខ្លួនមានកងទ័ពបរទេសខុសពីធម្មនុញ្ញរបស់ខ្លួន ហើយយកកងទ័ពចិន យកកងទ័ពបរទេសមកដាក់ស្រុកខ្មែរធ្វើអី?»
សម្ដេចតេជោ បានរម្លឹកពីជំនួបរវាងសម្ដេចនិងអគ្គរដ្ឋទូតអូស្ត្រាលីថា សម្ដេចមិនត្រូវការទ័ពបរទេសណាទាំងអស់ តែអាចឱ្យអនុព័ន្ធយោធាបាន។
សម្ដេចបញ្ជាក់ថា៖ «នៅចុះអនុព័ន្ធយោធាអាចនៅបាន តែបើកងទ័ពនៅអត់បានទេ។ យោធាបរទេសនៅបានក៏ប៉ុន្ដែនៅឋានៈជាអនុព័ន្ធ យើងក៏អត់មានត្រូវការទីប្រឹក្សាយោធាបរទេសអីនៅស្រុកខ្មែរទេ»។
អនុព័ន្ធយោធាគឺជាអ្នកជំនាញខាងយោធា ដែលជាប់បេសកម្មការទូត ជារឿយៗនៅជាមួយតំណាងស្ថានទូត។ មុខតំណែងនេះជាធម្មតាត្រូវបំពេញដោយមន្ត្រីយោធាជាន់ខ្ពស់ដើម្បីដឹកនាំបេសកម្មជាមួយស្ថានទូត។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា ៖ កម្ពុជាមិនល្ងង់រហូតទៅដល់ឱ្យទឹកដីក្លាយជាទីតាំងទ័ពបរទេស ខុសពីរដ្ឋធម្មនុញ្ញនោះឡើយ ។
សម្តេចតេជោ បានលើកឡើងទៀតថា ៖ ការធ្វើព្រលានយន្តហោះខេត្តសៀមរាប មិនមែនជាការពង្រឹងសមត្ថភាពយោធាចិន នៅកម្ពុជាទេ ។ កម្ពុជាមិនត្រូវការកងទ័ពបរទេសនោះទេ គឺត្រូវការតែទេសចរបរទេសតែប៉ុណ្ណោះ ។ ប្រសាសន៍ ថ្លែងក្នុងពិធីពិនិត្យការងារជាក់ស្តែងនៅការដ្ឋានសាងសង់អាកាសយានដ្ឋានថ្មី នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។
សម្តេចតេជោ ថ្លែងថា, ៖ នៅពេលព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប សាងសង់រួចរាល់នឹងផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ មិនមែនផ្តល់ការងារជូនចិននោះឡើយ ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ កាលពីឆ្នាំ២០១២ កម្ពុជាចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប ក៏ប៉ុន្តែដោយសារតែព្រលានយន្តហោះខេត្តសៀមរាបបច្ចុប្បន្ន មិនអាចឱ្យយន្តហោះធំៗរបស់មេដឹកនាំប្រទេសដៃគូ អាចចុះចតបាន ៕
ដោយ ៖ សិលា