ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះត្រាក់ទ័រនិងរោងដាក់ចំបើងផ្អើលទាំងថ្ងៃត្រង់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ដល់អ្នកភូមិនាំគ្នាជួយដងទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកជួយធ្វើអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ ប៉ុន្តែដោយសារភ្លើងឆេះពេញក្រមុំទៅហើយនោះទើបបណ្ដាលឱ្យរោងដាក់ចំបើងនិងត្រាក់ទ័រមួយគ្រឿងត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០២២ ស្ថិតនៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៍។

    នគរបាលស្រុកបានឱ្យដឹងថា ម្ចាស់រោងដាក់ចំបើងមានឈ្មោះអ៊ុច  យ៉ុន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៍។

ចំណែករោងដែលរងការឆាបឆេះមានទំហំ៥ម៉ែត្រគុណនឹង៣ម៉ែត្រកន្លះសង់ពីឈើប្រក់ស័ង្កសីឆេះអស់ទាំងស្រុង។

    ចំពោះសម្ភារដែលរងការខូចខាតរួមមានចំបើងឆេះអស់៣០០ដុំ, ត្រាក់ទ័រ១ គ្រឿង, ម៉ាសុីនសាំង៥សេះ១គ្រឿង, ជី៥បាវ, ស្រូវ៥ប៉ាវ នឹងថ្នាំបាញ់ស្រូវ១កេស។

   សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីអគ្គិភ័យនេះក៏មានរថយន្តពន្លត់របស់នគរបាលស្រុកបានទៅជួយធ្វើអន្តរាគមន៍បាញ់ពន្លត់មួយគ្រឿងផងដែរ។ គ្រោះអគ្គិភ័យនេះមិនបណ្ដាលឱ្យឆាបឆេះដល់ផ្ទះអ្នកជិតខាងនិងមិនបណ្ដាលឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ ហើយមូលហេតុគឺដោយសារទុស្សេខ្សែភ្លើង៕

ដោយ៖យឹម សុថាន


ចែករំលែក៖