(តពីលេខមុន)
ពេលនោះដែរ នៅស្រុកកំពង់ត្របែកទឹកជន់លិចនៅតាមបណ្ដាឃុំមួយចំនួនដែលនៅជាប់នឹងទន្លេកំពង់ត្របែក(ទន្លេតូច)ក្នុងឃុំកន្សមអកដែលជាឃុំមួយមានមន្ទីរឃុំឃាំងមនុស្ស(គុក)របស់អង្គការដ៏ធំនៅចំណុចឬស្សីម្រេញត្រូវទឹកលិចដល់ដំបូលមន្ទីរឃុំឃាំង តែមិនដឹងថាអង្គការយកអ្នកទោសរាប់រយនាក់នោះនៅទីណាខ្លះទៀតនោះទេ។ ក៏ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលនោះគឺឃើញសាកសពអ្នកទោសជាច្រើននាក់បានផុសចេញពីរណ្ដៅដីហើមស្ពីងអណ្តែតលើទឹកដោយម្នាក់ៗមានចំណងចងដៃចងជើង និងខ្លះទៀតកំបុតក្បាលមើលទៅគួរឲ្យរន្ធត់ណាស់។ ក្រុមឈ្លបដែលជាសន្តិសុខប្រចាំមន្ទីរឃុំឃាំងឫស្សីម្រេញ ដោយទំនងខ្លាចប្រជាជនឃើញ ឬអង្គការថ្នាក់លើដឹង ពួកគេបាននាំគ្នាបញ្ឆេះម៉ាស៊ីនកាណូតទូកជិះប្រមូលសាកសពគ្រប់ច្រកល្ហកដោយវិធីយកខ្សែទាក់ចងអូសតាមកាណូតដូចខ្មោចឆ្កែយកទៅដាក់លើគោក ហើយជីករណ្ដៅកប់សពនោះសាជាថ្មី។ ដោយឡែកអង្គការក្នុងមូលដ្ឋានក៏បានដើរស្រង់ស្ថិតិអ្នកជាប់និន្នាការសក្កិភូមិដើម្បីធ្វើបម្លាស់លំនៅដ្ឋាននិងយកទៅសម្លាប់ចោលផងដែរ។
ខ្ញុំត្រូវអង្គការចាត់តាំងឲ្យទៅជីកសណ្ដរទន្លេនៅឃុំពាមមន្ទារនិងក្រោយមកឱ្យទៅវាយថ្មនៅភ្នំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងដើម្បីយកដុំថ្មមកធ្វើទ្វារបិទបើកទឹកនៅស្រុកកំពង់ត្របែកជាមួយយោធា ប៉ុល ពត មួយក្រុមដែលអង្គការដាក់ពិន័យដោយសារគោរពសីលធម៌បដិវត្តន៍មិនបាន។ បានជាងកន្លះខែខ្ញុំត្រូវអស់ស្បៀងហូបទើបសុំការអនុញ្ញាតពីមេកងទៅភូមិយកស្បៀងមកហូប។ ពេលធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយជិត ៤០គីឡូម៉ែត្រ ខ្ញុំទៅដល់ភូមិអាគ្រាជនៅពេលព្រលប់ក្នុងម៉ោង ៦ ល្ងាចហើយពេលនោះមានភ្លៀងរលឹមស្រិចៗ ពោរពេញដោយផ្លេកបន្ទោរព្រាកៗក្រហមពេញផ្ទៃមេឃមើលឃើញស្រូវក្នុងស្រែយោលយោកដោយកម្លាំងខ្យល់បោកបក់ពីទិសឧត្តរប្រៀបបានទឹករលកប្រដេញគ្នាយ៉ាងរលេញ។ ពេលទៅដល់ភូមិ ខ្ញុំក៏ទៅកាន់រោងបាយសមូហភាពដើម្បីស្រស់ស្រូបអាហារនិងបានរាយការណ៍ប្រាប់មេចុងភៅថា អង្គការនៅភ្នំឈើកាច់ឲ្យមកយកស្បៀងអាហារបន្តការងារវាយថ្មភ្នំ។ មេចុងភៅមិនស្រដី គាត់ធ្វើមុខក្រញូវដាក់ខ្ញុំ រួចដួសបបរសមួយចានតូចហុចឱ្យខ្ញុំហូបជាមួយទឹកត្រីផលិតពីអំបិលកូរលាយស្ករត្នោតនិងទឹកអណ្ដូងដាំពុះ។ ក្រោយហុតបបរអស់មួយចានយ៉ាងឆ្ងាញ់និងដោយសារអស់កម្លាំងមកពីចម្ងាយផងនោះ ខ្ញុំក៏ធ្វើដំណើរទៅដេកនៅរោងយុវជនដែលជាកន្លែងដេករួម តែពេលទៅដល់សមមិត្តប្រធានយុវជនបានចាត់តាំងឲ្យខ្ញុំទៅដេកនៅរោងចាំស្រូវព្រោះខ្លាចគោស៊ីស្រូវនៅចម្ងាយជាង ១ គីឡូម៉ែត្រពីរោងយុវជនជាមួយលោកតាម្នាក់ជាអ្នកមូលដ្ឋាន។
(នៅមានត)
ពិនិត្យស្រាវជ្រាវដោយ÷ ចៅតាជេត