ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។
ពិធីបិទសន្និបាតអប់រំយុវជននិងកីឡានេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ សន្និបាតអប់រំនេះ បានលើកមកពិនិត្យ និងពិភាក្សាលើការងារជាច្រើន ពាក់ព័ន្ធការអប់រំនៅកម្ពុជា ព្រមទាំងបានលើកនូវទិសដៅជាច្រើន ដើម្បីកែលំអរការអប់រំ និងបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរក្នុងឆ្នាំសិក្សា២០២១-២០២២។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាត ដែលទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន ការអប់រំកាយ និងកីឡាជាមួយនឹងកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ ៨ ចំណុច ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតី-ភាពជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងបច្ចុប្បន្ម និងអនាគត ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញមោទនភាពចំពោះក្រសួងអប់រំយុវជន និងកីឡាដែលបានធ្វើកិច្ចសហការជិតស្អិតជាមួយថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងឤជ្ញាធរ- ដែនដី ក្នុងការស្តារ និងអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនស្របតាមតួនាទី ភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។ សម្តេចតេជោមានមានប្រសាសន៍ថា ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា។
ក្នុងពិធីបិទសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន០៦ចំនុចដូចខាងក្រោម:
១- បន្តពង្រឹងប្រព័ន្ធអប់រំឲ្យមានភាពធន់បុរេសកម្ម ឆ្លើយតបទៅ នឹងបរិការណ៏ជាតិអន្តរជាតិ ដែលកំពុងមានការប្រែប្រួល។ បន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្នព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សនិស្សិត និងយុវជនដែលរងផលប៉ះពាល់ដោយកូវីដ-១៩។
២- ណែនាំឱ្យកសាងប្រព័ន្ធ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈធានាភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមមានការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន។
៣- បន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិត វីដេអូបង្រៀន និងមាតិកាឌីជីថលលើមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។
៤- បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និង យុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាននៅតាមសហគមន៍ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារនៅក្នុងសង្គម ។
៥- បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសមាគមកីឡាមហាជន សហព័ន្ធ-កីឡា បំប៉ន និងហ្វឹកហាក់កីឡាករជម្រើសជាតិ និងកីឡាករថ្នាលឱ្យបានដិតដល់ ជំរុញសកម្មភាពអប់រំកាយនិងកីឡានៅតាមគ្រឹះស្ថានសិក្សាឱ្យបានផុសផុល។
៦- បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម «៣កុំ និង ៣ការពារ» ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាព ចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ។ បន្តយកចិត្តទុកដាក់គាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយសិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោល ដោយសារជំងឺ កូវីដ-១៩។ ត្រង់ចំនុចនេះ សម្តេចតេជោបានមានបានប្រសាសន៍ថា បើទោះបីកាតព្វកិច្ចពាក់ម៉ាស ត្រូវបានលើកលែង តែសម្តេចនៅតែលើកទឹកចិត្តឱ្យមានការពាក់ម៉ាស។
សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋ បើទោះបីសម្តេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ តែសម្តេចសង្កេតឃើញពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅតែបន្តពាក់ម៉ាស នេះបញ្ជាក់ពីការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាការពារសុខភាពរបស់ខ្លួន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ការសម្រេចចិត្ត និងបញ្ជាលើការងារចាក់វ៉ាក់សាំងមិនងាយស្រួល និងមិនធម្មតានោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើពេលនោះសម្តេចធ្វើតាមការទាមទារពីតាមបណ្តាខេត្ត ដែលទាមទារយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្ដាខេត្តនានាមុនពេលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល នោះ គឺមិនអាចបង្កើតភាពសាំសហគមន៍បាននោះឡើយ។ ដូច្នេះសម្ដេចតេជោនៅតែជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ ការពារការចម្លងជំងឺកូវីដ-១៩នេះ ជាបន្តទៀត៕
ដោយ៖ស តារា