.ដោយយល់ឃើញថា ការប្រតិបត្តិធម៌អាចមានប្រយោជន៍ដល់ការងារសង្គម និងជំរុញឱ្យមានការរីកចម្រើនក្នុងការអភិវឌ្ឍប្រទេសជាតិ គួបផ្សំជំរុញមាគ៌ាសន្តិភាពផងនោះ ទើបយើងខ្ញុំជ្រើសរកយកសៀវភៅ” ធម៌ និងការគ្រប់គ្រងសង្គម” រៀបរៀងដោយ និវាណាចារ្យ គឹមវាណ
មកចែកជូនមិត្តអ្នកអានស្ដាប់និងពិចារណានាពេលនេះ។
អារម្ភកថា÷ ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា ធម្មោ ហិ សេដ្ឋោ ជនេតស្មឹ ទិដ្ឋេ ចេវ ធម្មេ អភិសម្បរាយញ្ច។
ប្រែថា: ធម៌ជាគុណដ៏ប្រសើរបំផុតក្នុងប្រជុំជន ទាំងបច្ចុប្បន្ននិងបរលោក។
ធម៌ ឬ អធម៌ មានហេតុជាប្រភពមានបច្ច័យជាសភាវៈខ្ញុងផ្ដើម មានកម្មជាអ្នកតាក់តែងទើបធម៌ ឬអធម៌នេះជាផលរបស់កម្មដោយពិត។ ធម៌មានកុសលហេតុជាប្រភពជាដែនកើតនៃសេចក្តីចម្រើន ចំណែកអធម៌មានអកុសលហេតុជាប្រភព ជាដែនកើតនៃសេចក្តីវិនាស។ ប្រការនេះទើបព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាធម៌មានសារប្រយោជន៍បំផុតក្នុងការគ្រប់គ្រងសង្គមមនុស្សលោកព្រោះថា ការបង្កើតរចនាសម្ព័ន្ធការងារសង្គមហៅថា រចនាសម្ព័ន្ធនៃកម្ម ដែលនាំឱ្យកើតឡើងនូវធម៌នោះ គឺពិតជាមាគ៌ាដឹកនាំសង្គមប្រជាជនតែមួយគត់ក្នុងការអភិវឌ្ឍប្រទេសជាតិដល់នូវសេចក្តីចម្រើនរុងរឿងប្រកបដោយចិរភាព។
ក្នុងសៀវភៅធម៌និងការគ្រប់គ្រងសង្គមដែលត្រូវបោះពុម្ពផ្សាយលើកនេះ ខ្ញុំបានសិក្សាស្រាវជ្រាវរយ:ពេលយូរ ដែលតាមរយៈការបដិបត្តិធម៌ផង តាមការអានសៀវភៅយ៉ាងច្រើនផង តាមការសង្កេតជាក់ស្ដែងផង តាមការស្រាវជ្រាវពាក្សស្លោកដែលបុរាណាចារ្យបានបន្សល់ទុកផង ទើបអាចប្រមូលផ្ដុំសន្និដ្ឋានរកហេតុផលនៃធម៌នៃសេចក្តីចម្រើន ហេតុផលអធម៌នៃសេចក្តីវិនាសទាំងនៅក្នុងសង្គមមនុស្សជាតិ សង្គមបរិស្ថានធម្មជាតិ ទាំងនៅក្នុងសង្គមគ្រប់គ្រងមករៀបរៀងចងក្រងជាសៀវភៅធម៌នេះដើម្បីទុកជាមាគ៌ាបំភ្លឺផ្លូវសម្រាប់ជាប្រយោជន៍ចំពោះសង្គមលោកិយ៍បច្ចុប្បន្ន របស់ពុទ្ធបរិស័ទទូទៅព្រមទាំងកុលបុត្រខ្មែរគ្រប់រូប។ ខ្ញុំមានសេចក្តីសង្ឃឹមថា សៀវភៅធម៌មួយនេះអាចនឹងរួមចំណែកដល់គតិបណ្ឌិតក្នុងការស្វែងរកមាគ៌ាសន្តិភាពនិងការអភិវឌ្ឍជូនមាតុភូមិកម្ពុជាបានយ៉ាងពិតប្រាកដ។
អ្នករៀបរៀង÷ និវាណាចារ្យ វិនគឹមវាណ
# លោកធាតុកើតដំបូង:
លោកធាតុនេះ កើតឡើងដំបូងអាស្រ័យ អាកាសធាតុកើតបានជាកំសួលបកស្រាយវិលទៅវិលមកហៅថាខ្យល់ ខ្យល់នោះបក់យូរៗទៅ ក៏កើតបានជាកម្ដៅហៅថាភ្លើង ភ្លើងនេះងំយូរៗទៅក៏កើតជាទឹក ទឹកនោះត្រូវកំដៅភ្លើង និង ខ្យល់បក់បោកអស់កាលដ៏យូរលង់ ទើបកកខាប់ឡើងបានជាដុំរឹង ដុំរឹងហៅថា ដី ដីនោះតាំងនៅអស់កាលដ៏យូរលង់ណាស់ ទើបកើតបានជាភពផែនដី ព្រះអាទិត្យ ព្រះចន្ទ.
.. ហៅថា លោកធាតុ ឬចក្រវាលដែលមានធាតុដីមួយ ធាតុទឹកមួយ ធាតុភ្លើងមួយ ធាតុខ្យល់មួយ។ អាស្រ័យអាកាសធាតុមួយនេះក៏ជប់បានជាវិញ្ញាណមួយទៀត ទើបព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា លោកនេះមានធាតុ ៦ នោះ។ ព្រះត្រៃបិដកភាគ ១៨ ត្រង់អគ្ឋគញ្ញសូត្រទំព័រ ១៧១ ព្រះពុទ្ធបានសម្ដែងថា មានសម័យដែលលោកនេះចម្រើនម្ដងដោយកន្លងជាយូរអង្វែងទៅ…។សម័យនោះចក្រវាលក៏រលាយចូលគ្នាទៅជាទឹកមានងងឹត អព្ទសូន្យសុង ព្រះចន្ទ និងព្រះអាទិត្យក៏មិនប្រាកដ នក្ខត្តឫក្ស ដែលមានរូបជាផ្កាយទាំងឡាយក៏មិនប្រាកដយប់ និងថ្ងៃក៏មិនប្រាកដខែមួយ និងកន្លះខែ ក៏មិនប្រាកដរដូវ និងឆ្នាំក៏មិនប្រាកដ។(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត