ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង នៅគេហដ្ឋានសព នាក្រុងកំពង់ចាម

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃសុក្រទី៦ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំសមាជិក សមាជិការដ្ឋសភា ដាក់កម្រងផ្ការនិងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ  និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលកំពុងកម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នាគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សម្តេចប្រធានរដ្ឋសភា មានសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យ ជាទីបំផុតជាមួយក្រុមគ្រួសារនៃសពទាំងអស់ ក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុត។

មរណភាព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវធនធានមនុស្សដ៏គម្រូមួយ ដែលជាឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ មាតិភូមិរហូតមក។ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ បំផុតចំពោះវីរភាព គុណបំណាច់ដ៏ធំធេងក្នុងការចូលរួមចំណែកតស៊ូរំដោះប្រទេសជាតិ និងការអភិវឌ្ឍជាតិមាតុភូមិគ្រប់កាលៈទេសៈពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ន នីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក និងបានបួងសួងឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ដោយរោគាពាធ នាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ៕

ដោយ​៖សហការី​


ចែករំលែក៖