ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការទី៤នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក. ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦៖២៥ នាទីល្ងាច ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយជំងឺបេះដូង។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដាក់កម្រងផ្កា, គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន ណេង, ចូលរួមរំលែកទុក្ខជាមួយលោកជំទាវ លាង វួចឆេង ហ៊ុន ណេង និងក្រុមគ្រួសារនៃសព, ចូលបច្ច័យបុណ្យ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ហ៊ុន ណេង បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា