ភ្នំពេញ ៖ រថយន្តពីរគ្រឿងបានបុកគ្នារងការខូចខាតបន្តិចបន្តួច តែម្ចាស់រថយន្តទាំងពីរចុះពីលើរថយន្តមកប្រកែកយកត្រូវរៀងៗខ្លួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងបុរីឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកFORD RANGER ពណ៌ស ពាក់ស្លាកលេខកម្ពុជា DOUN.99 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងបុរីឈូកវ៉ា2 ដោយបើកពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុបានបត់ស្ដាំដៃ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR- 6625 បើកបរដោយបុរសម្នាក់ធ្វើដំណើរ ស្របទិសគ្នា ហើយក៏បានជ្រុលទៅបុកចំចំហៀងរថយន្ត FORD បណ្ដាលឱ្យរថយន្តគាបជាប់គ្នារងការខូចខាតបន្តិចបន្តួចទាំងសងខាង ភ្លាមៗនោះម្ចាស់រថយន្តទាំងពីរបានចុះពីលើរថយន្តមកប្រកែកគ្នាយកត្រូវរៀងៗខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា តែភាគីទាំងពីរសម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕
ដោយ៖និន សុភ័ស្ត