ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងក្រុងកោះរ៉ុង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ 

រដ្ឋបាលខេត្ត​ បានឱ្យដឹងទៀតថា​ តាមប្រកាសលេខ១១៣៥ប្រក ស្តីពីការតែងតាំងមន្ត្រីរាជការ សម្រេចតែងតាំងលោក លី វ៉ាន់ដា ឋានន្តរស័ក្តិមន្ត្រីថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ផ្តាំផ្ញើដល់លោក លី វ៉ាន់ដា អភិបាលរងក្រុងកោះរ៉ុងថ្មី ត្រូវខិតខំបំពេញការងារ តាមភារកិច្ច ដោយការប្តេជ្ញាចិត្ត សហការសាមគ្គីផ្ទៃក្នុងជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យបានល្អ ខិតខំរួមគ្នា បង្កើតនូវសមិទ្ធផលជាច្រើននៅតំបន់កោះរ៉ុងឱ្យទទួលបានផ្លែផ្កាជាវិជ្ជមាន។ 

ជាមួយគ្នានេះ លោកអភិបាលខេត្ត​ ក៏បានណែនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវរៀបចំឯកសារ និងផ្សព្វ ផ្សាយដល់សមាជិកក្រុមគ្រួសារទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះឱ្យបានគ្រប់គ្នា ពិសេសការចាក់វ៉ាក់សាំងដូសជម្រុញដូសទី៣ និងទី៤ឱ្យបានគ្រប់ដូស ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា៕

ដោយ​៖សហការី​


ចែករំលែក៖