ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ សម្តេចសម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំផ្ទាល់ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រនានាទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។

ចាប់តាំងពីបង្កើតឡើងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យគ្រប់ជំនាញ គ្រប់ឯកទេស ទាំងស្ថាប័នរដ្ឋ និងឯកជន បានចូលរួមសកម្មភាពក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីជនបទ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានព្យាបាលជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសបានជាង ៣៣ម៉ឺននាក់។ ក្នុងនោះអ្នកជំងឺធ្ងន់ជាង ៦ពាន់នាក់ ត្រូវបានបញ្ជូនព្យាបាលនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា។ ក្នុងចំណោមអ្នកជំងឺធ្ងន់នេះ ក៏មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ៥៦នាក់ផងដែរ។

ក្នុងពេលដែលកម្ពុជា រងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជិត ៨០០នាក់ បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលដោយឥតរួញរាផងដែរ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង ៧:០០ នាទីព្រឹក៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖