ខេត្តស្វាយរៀង ៖ លោក យិន ចាន់ធួន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការកងអន្តរាគមន៍៥៩៤ និងលោក លឹម សៀងហេង អភិបាលក្រុងបាវិត ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានចុះដឹកនាំយកគ្រឿងចក្រ ចាក់ថ្មមុិច លើផ្លូវ១ខ្សែប្រវែង២.៥០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
បើតាមលោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត បានឲ្យដឹងថា ដោយមើលឃើញនូវការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃ និងការធ្វើដំណើររបស់កម្មកររោងចក្រ សិស្សានុសិស្ស លោកឧត្តមសេនីយ៍ឯក យិន ចាន់ធួន មេបញ្ជាការកងអន្តរាគមន៍៥៩៤ បានឧបត្ថម្ភថ្មមុិចមកចាក់លើផ្លូវប្រវែង២.៥០០ម៉ែត្រ ដើម្បីជួសជុលកែលម្អឡើងវិញ ក្នុងនោះលោក លឹម សៀងហេង អភិបាលក្រុងបាវិត ក៏បានយកគ្រឿងចក្រមកឈូសឆាយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែមានភាពងាយស្រួលផងដែរ។
លោកចៅសង្កាត់បានបន្តថា «ផ្លូវមួយខ្សែនេះមិនត្រឹមតែសម្រួលដល់ការធ្វើដំណើរនៅក្នុងសង្កាត់ច្រកម្ទេស តែមួយប៉ុណ្ណោះទេ ប៉ុន្តែវាអាចសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចំនួន៣ឃុំ សង្កាត់គឺសង្កាត់ច្រកម្ទេស ឃុំព្រៃតាអី ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយក្នុងនាមក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរដែនដី សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក យិន ចាន់ធួន និងលោកស្រី ព្រមទាំងលោក លឹម សៀងហេង អភិបាលក្រុងបាវិត ដែលបានខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ទាំងនេះជាការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែនដី ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានឲ្យដឹងថា សម្រាប់ការជួសជុលផ្លូវកែលម្អរ លើផ្លូវនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ សូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលឡើងវិញផងដែរ ហើយសូមថ្លែងអំណរគុណលោកឧត្តមសេនីយ៍ឯក យិន ចាន់ធួន និងលោកស្រី ដែលបានជួយឧបត្ថម្ភទាំងថវិកា ក្នុងការជួសជុល កែលម្អរឡើងវិញជាពិសេសសូមមានការយោគយល់ពីពលរដ្ឋ ដែលនាំឱ្យមានការហុយធូលីទៅលើចូលផ្ទះសម្បែងជាដើម។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក យិន ចាន់ធួន បានថ្លែងថា ការអភិវឌ្ឍប្រទេសអាចដំណើរការទៅបានដោយសារប្រទេសជាតិយើង មានសន្តិភាព ហើយសន្តិភាពនេះគឺមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពនេះឲ្យគង់វង្សយូរអង្វែង។
លោកឧត្តមេសនីយ៍ឯក បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សាអោយបានគង់វង្សយូរអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូនយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកបន្តថា ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀតផងដែរ ៕
ដោយ៖ យឹម សុថាន