ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ យោងតាមការសិក្សារបស់រដ្ឋបាលរាជធានីភ្នំពេញ នៅឆ្នាំ២០០១ កាក សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់ ។ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញនេះ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ដែលទាមទារឱ្យមានការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ដែលមិនធ្វើអោយប៉ះពាល់បរិស្ថាន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ថានីយ ប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ ដោយមានការចូលរួមពីលោក ព្យែរ ប៊ែយ៉េ លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ក្រោមជំនួយរបស់ សមាគម AIMF បារាំង មានទីតាំងស្ថិតនៅក្នុង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានការអភិវឌ្ឍយ៉ាងខ្លាំង ទាំបែបទូលាយ និងបែបជម្រៅ ក្នុងនោះ ព្រំប្រទល់រដ្ឋបាលត្រូវបានពង្រីក ពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅ និង ស្នាក់នៅបម្រើការងារប្រមាណ ៣លាននាក់ ។ទន្ទឹមនិងនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានតម្រង់ទិសនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងរាជធានីភ្នំពេញ ឱ្យយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះ៖ ០៣ យ៉ាង នោះគឺ “ទី១-ការកកស្ទះចរាចរណ៍, ទី២-ការកកស្ទះ លូ-ប្រឡាយ និងទី៣-ការកកស្ទះ៖សំរាម” ព្រោះថា ជាកត្តាសត្យានុម័ត សេដ្ឋកិច្ចជាតិកើនឡើង, ទីក្រុងកាន់តែរីក, ប្រជាជនកាន់តែច្រើន, សម្ភារៈប្រើប្រាស់កាន់តែសំបូរបែប ដូច្នេះ ការផ្តល់សេវាតម្រូវការ និង សេវាសំណូមពរជូនប្រជាពលរដ្ឋ ក៏ត្រូវមានការកើនឡើងដោយចៀស មិនរួច។
លោកបន្តថា៖ យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាម ការប៉ាន់ស្ទាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត ១៣ ដង ដូច្នេះ ទាមទារឱ្យយើងត្រូវយកចិត្ត ទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តកម្មសំណល់នេះ ឱ្យបាន ត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស។
លោកបន្តថា “នេះហើយគឺជាកម្ពុជាពិត” ដែលក្នុងពេលអតីតកាល យើង គ្មានឡើយតម្រូវការស្ថានីយប្រព្រឹត្តកម្មប្រភេទនេះ ព្រោះប្រជាជន យើងមានជីវភាពខ្វះខាត គា្មនអាហារបរិភោគគ្រប់គ្រាន់ និងគ្មានឡើយស្តង់ដារស់នៅ ។ ប៉ុន្តែក្នុងសម័យតេជោជីវភាពប្រជាជនយើងកាន់តែមានភាពល្អ ប្រសើរ នឹងមានអាហារបរិភោគគ្រប់គ្រាន់ ដូច្នេះ៖ ស្តង់ដា នៃការរស់នៅក្នុងទីក្រុង ក៏ត្រូវតែលើកកម្ពស់ឱ្យកាន់តែប្រសើរឡើង ជាលំដាប់ផងដែរ។ រាជធានីភ្នំពេញ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើន ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និង ការកើនឡើងផ្នែកជីវភាព-តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់ បងប្អូនប្រជាពលរដ្ឋ ក្នុងនោះ គម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ សំខាន់ចំនួន ៣ រួមមាន (ទី១) អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈ ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ (ទី២) អត្ថប្រយោជន៍ ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅ ជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និង (ទី៣) អត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែលផលិតបានទៅក្នុងទីផ្សារ កសិកម្ម ឬ អាចនិយាយបានថា “យកសំណល់ គ្រប់គ្រងសំណល់”។
លោក ព្យែរ ប៊ែយ៉េ បានមានប្រសាសន៍ លើកឡើងផងដែរ ការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជាគោលនយោបាយមួយធ្វើអោយប្រសើរឡើង នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅភ្នំពេញ ប្រកបដោយសុខមាលភាព ដោះស្រាយបំរែលបំរួលអាកាសធាតុ ។ សំណល់ភក់បង្គន់នេះនឹងប្រែក្លាយទៅជាជីសំរាប់បងប្អូនប្រជាពលរដ្ឋធ្វើកសិកម្ម ហើយវានឹងផ្តល់ការងារជូនក្រុមហ៊ុនតូចតាច មានការងារធ្វើផងដែរ៕
ដោយ ៖ សំរិត