ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺអុតស្វាកំពុងរាលដាលយ៉ាងខ្លាំងនៅអឺរ៉ុបនិងអាមេរិក

ចែករំលែក៖

ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ កាណាដា បានរកឃើញមានករណីកើតជំងឺអុតស្វាជាច្រើននាក់ ។ ជាមួយគ្នានេះដែររដ្ឋាភិបាលនៃប្រទេសដាណឺម៉ាកបានប្រកាសថា នឹងចែកចាយវ៉ាក់សាំងព្យាបាលជំងឺអុតស្វាដល់ពលរដ្ឋ។
នៅថ្ងៃទី២៤ខែឧសភា អង្គការសុភាពពិភពលោក (WHO) បានប្រកាសឱ្យដឹងថា មានករណីកើតជំងឺអុតស្វា ២៣៧ករណី នៅក្នុងប្រទេសចំនួន២០ក្នុងតំបន់អឺរ៉ុប និងអាមេរិក។ ជំងឺអុតស្វា កន្លងមកតែងតែកើតមាននៅក្នុងតំបន់អាហ្វ្រិក ប៉ុន្តែពេលនេះបានកើតនៅតំបន់អឺរ៉ុប និងអាមេរិក។
តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក ការផ្ទុះជំងឺអុតស្វាអាចនឹងគ្រប់គ្រងបានលុះត្រាណាតែរដ្ឋាភិបាលបណ្តាប្រទេសអនុញ្ញាតឲ្យចាក់វ៉ាក់សាំង បង្ការជំងឺអុតស្វា ដើម្បីទប់ស្កាត់ការឆ្លង ។
នៅក្នុងប្រទេសអេស្ប៉ាញ មន្ត្រីសុខាភិបាលទីក្រុង ម៉ាឌ្រីដ បានប្រកាសឱ្យដឹងថា បានរកឃើញមានករណីឆ្លងជំងឺអុតស្វាចំនួន ១១ករណីនៅថ្ងៃទី២៤ខែឧសភា ធ្វើឱ្យចំនួនអ្នកកើតជំងឺអុតស្វា កើនឡើងដល់៤៨នាក់។ នៅក្នុងប្រទេសកាណាដាក៏មានករណីកើតជំងឺអុតស្វាចំនួន១៥ករណីផងដែរ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ REUTERS


ចែករំលែក៖