(តពីលេខមុន)
* អំពីធម៌ និងបច្ចេកវិជ្ជា
ចំណោទបញ្ហាចំពោះមនុស្សលោក គឺនៅត្រង់មិនមានជំនឿថានឹងយកធម៌មកអនុវត្តក្នុងការគ្រប់គ្រងសង្គមដូចព្រះពុទ្ធដែលបានសម្តែងទុកនោះឡើយអាស្រ័យមានទស្សនៈដូចខាងក្រោម÷
– ធម៌ជាសភាវៈដ៏មានអាថ៌កំបាំង ដែលអ្នកប្រាជ្ញធំៗនៅលើលោកហាក់មិនទាន់ស្រាវជ្រាវសិក្សារកឃើញ អំពីនិយមន័យដ៏ជាក់លាក់ចំពោះពាក្យមួយមាត់នេះនៅឡើយ។
– ធម៌មិនអាចនឹងមានវិធីលះកិលេស អប់រំចិត្តឲ្យបានបរិសុទ្ធស្អាតផូរផង់ នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះបានឡើយ។
– គេពុំមានជំនឿលើក្តីសង្ឃឹមថា អ្នកកាន់អំណាចកំពូលៗនៅលើពិភពលោក និងយកធម៌ទុកជាបន្ទាត់នយោបាយក្នុងការគ្រប់គ្រងអភិវឌ្ឍប្រទេសនោះបានឡើយ។
– ការយកធម៌ទុកជាអធិបតី ដែលហៅថាលទ្ធធម្មាធិបតេយ្យ ការអភិវឌ្ឍប្រទេសមុខជានឹងមិនជឿនលឿនស្មើមុខមាត់ដូចប្រទេសនានាបានឡើយ។
តបថា
ធម៌ពុំមែនជាសភាវៈមានអាថ៌កំបាំងគ្រោះវិស័យមនុស្សយល់បានឡើយ។
ធម៌ប្រែតាមអត្ថមានន័យថា ជាផលរបស់កម្ម អាស្រ័យមានហេតុ។
ហេតុប្រែថា ប្រភព ឫសគល់ ដើមចមឬទីតាំងនៃផល ដែលជាបញ្ហានៃជីវិតរបស់មនុស្សជាតិយើងនេះ។ ដូច្នេះ ហេតុនេះ គឺសំដៅដល់ឫសគល់នៃសេចក្តីសុខ សេចក្តីចម្រើន ឬសេចក្តីទុក្ខសោកវិនាស ជុំវិញបញ្ហារស់នៅរបស់មនុស្សគ្រប់រូបហេតុនៃសេចក្តីសុខ សេចក្តីចម្រើន គឺកុសលហេតុ អាស្រ័យតែកម្មតាក់តែងបានជាផលហៅថាកុសលធម៌។ ហេតុនៃសេចក្តីទុក្ខ សេចក្តីវិនាស គឺអកុសលហេតុតាមរយៈកម្ម រមែងតាក់តែងបានជាផលឱ្យថាអកុសលធម៌ឬមួយហៅថា អធម៌យ៉ាងនេះក៏បាន។
អកុសលហេតុមាន លោភៈទោសៈ មោហៈ ចាត់ជាហេតុរបស់អធម៌កើតឡើងអាស្រ័យអកុសលកម្ម។
លោភៈ ទោសៈ មោហៈ ជាឫសគល់នៃកិលេស ជារបស់ក្តៅ ជាសភាវៈពុល ជាសភាវៈឥតខ្លឹមសារ ប៉ុន្តែមនុស្សមិនមានបញ្ញា បែរជានាំគ្នាញ៉ាំងឲ្យអកុសលហេតុកើតបានផល ជាអធម៌ ជារបស់ពុលនេះ ព្រមទាំងបានយកអធម៌ទុកជាមធ្យោបាយដោះស្រាយបញ្ហាជីវិតថែមទៀត។
ពោលកាលពួកគេមានចិត្តលោភៈ ប្រាថ្នាចង់បានជាប់ជំពាក់នឹងបញ្ហាអ្វីមួយ ឬវត្ថុកាមណាមួយ គេតែងតែយកលោភចិត្តរិះគិតទៅដោះស្រាយ ទៅធ្វើទាំងមោហៈ ដោយមិនដឹងថាសេចក្តីប្រាថ្នាជាប់ជំពាក់ចំពោះវត្ថុនោះ ព្រោះហេតុបច្ច័យអ្វីដ៏ពិតប្រាកដ ហើយវត្ថុនោះមានប្រយោជន៍ពិតតាមតម្រូវការពិតគឺអ្វីខ្លះ លោភចិត្តរួមជាមួយមោហ: នេះមិនដឹងតាមហេតុពិតទាំងអស់ ព្រោះតែលោភៈ និងមោហៈ នេះ ជាអកុសលហេតុ ជាអធម៌ រមែងជាសភាវៈមិនដឹងនូវកុសលហេតុ ឬធម៌ជាធម្មតា កាលលោភៈមិនដឹងនូវធម៌ពិត មោហ: នោះក៏កាន់តែលែងស្គាល់ លែងដឹងនូវសភាវៈនៃធម៌ ពិតជាធម្មតា តែម្យ៉ាង ចំណែកឯទោសៈក៏យ៉ាងដូច្នោះដែរ។ អាស្រ័យមនុស្សគ្រប់រូបសន្សំអធម៌តែយ៉ាងនេះ សេចក្កីទុក្ខសោក កើតមានឥតឈប់ឈរទើបអធម៌ឬអកុសលធម៌នេះ ជាសភាវៈដែលព្រះពុទ្ធទ្រង់ត្រាស់ឲ្យលះចោលនោះ ៕ (នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត