យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និង៧នាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារនាព្រឹកថ្ងៃទី២៩ខែឧសភា (ពេលវេលានៅអាមេរិក) ក្នុងពិធីមួយដែលរៀបចំនៅកណ្តាលវាល ស្ថិតក្នុងតំបន់ភាគខាងកើត Oklahoma សហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នករងរបួសមានក្មេងជំទង់ពីរនាក់។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មានការឈ្លោះប្រកែកគ្នាមុនពេលផ្ទុះអាវុធនៅពាក់កណ្តាលយប់។
លោក Sylvia Wilson ម្ចាស់ហាងកាហ្វេ Taft’s Boots Cafe នៅបើកទ្វារពេលការបាញ់ប្រហារកើតឡើង បានឱ្យដឹងថា «យើងបានឮសូរសំឡេងផ្ទុះជាច្រើនគ្រាប់ ដែលពេលដំបូងខ្ញុំស្មានតែសំឡេងកាំជ្រួច។ នៅពេលនោះមានមនុស្សជាច្រើននាំគ្នារត់ ហើយអ្នកខ្លះស្រែកខ្លាំងៗថា ក្រាបចុះៗ»។
សារព័ត៌មាន ABC News បានផ្សាយថា មានពលរដ្ឋប្រមាណ ១៥០០នាក់ ចូលរួម។ កម្លាំងប៉ូលិសបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ក្រោយទទួលបានព័ត៌មានពីការបាញ់ប្រហារមក។
ករណីបាញ់ប្រហារកើតឡើង ក្រោយប៉ុន្មានថ្ងៃដែលមានករណីបាញ់ប្រហារនៅសាលារៀនបឋមសិក្សា Robb ក្នុងតំបន់ Uvalde រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បណ្តាលឱ្យសិស្សថ្នាក់ទី៤ចំនួន១៩នាក់ស្លាប់ និងគ្រូបង្រៀន២នាក់៕ ដោយ៖ ធីរីណា
រូបថត ៖ Fox News