ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ផ្តល់អនុសាសន៍ ១៤ចំណុច ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣​ទិវា​ កុមារ​អន្តរជាតិ​១​មិថុនា​ និង​ ខួប​លើក​ទី​២១ទិវា​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ ១២​មិថុនា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ គឺអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣​ទិវា​ កុមារ​អន្តរជាតិ​១​មិថុនា​ និង​ ខួប​លើក​ទី​២១ទិវា​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ ១២​មិថុនា​។ 

សម្តេចតេជោ សូម​ជូន​ពរ​ ក្មួយ​ៗ​ចៅៗ​កុមារាកុមារី​ ជាទី​ស្រឡាញ់​ ទាំង​អស់​ មាន​សុខភាព​ល្អ​ ឆ្លាត​វៃ​រៀន​ពូកែ​ ជា​កូន​ល្អ​សិស្ស​ល្អ​មិត្ត​ល្អ​ និង​ជា​ ពលរដ្ឋ​ល្អ​នា​អនាគត​។ 

សម្តេចតេជោ ហ៊ុនសែន បានផ្តល់នូវអនុសាសន៍ចំនួន ១៤ចំណុចសំខាន់ៗ : 

១- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់ កុមារ ជាពិសេស កុមារីនិងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់ នៃការរើសអើង ការផាត់ចេញពីសង្គមនិងភាពរងគ្រោះ និងងាយរង់គ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិ ដើមភាគតិច កុមារមានពិការភាព)។

២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្លាស់ប្ដូរ ក្នុងការអនុវត្តនិងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាននិងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុង ការចែករំលែកចំណេះដឹង បទពិសោធន៍ស្តីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។

៣- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជាពិសេសការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះនិងងាយរងគ្រោះដោយផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។

 ៤- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ លើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ សំដៅ ធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។ លើសពី នេះទៀត ដោយត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃ ជាពិសេស បង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស ហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល កំណត់ច្រកចេញចូលតែមួយគ្រប់ការងារដែលផ្តោត លើកុមារ។

៥- ពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោភបំពានកុមារគ្រប់រូបភាព ជាពិសេស កុមារដែលបាន បាត់បង់ការថែទាំពីឪពុកម្តាយ កុមារត្រូវការកិច្ចការពារពិសេស ទៅក្នុងវេទិកាសាធារណៈ នៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីឱ្យមាតាបិតា អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ច បានយល់ជ្រួតជ្រាប និងបង្កើន កិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍។

៦- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើននូវតម្លាភាព គណនេយ្យភាព សមធម៌ និងគុណធម៌លើការផ្តល់សេវាសម្រាប់កុមារ ដើម្បីសម្រេចឱ្យបាននូវគុណតម្លៃនៃ ធនធានមនុស្សប្រកបដោយសក្តានុពលភាព និងឧត្តមប្រយោជន៍សម្រាប់កុមារ។

៧- បន្តការសហការក្នុងជំហរឯករាជ្យភាព អព្យាក្រិតភាពជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ ក្នុងទិសដៅអភិឌ្ឍស្របតាមច្បាប់ស្តីពីការបង្កើតអង្គការសមាគន៍ដែលមានជាធរមាន។ លើសពីនេះទៀត អង្គការទាំងអស់ត្រូវបង្ហាញផងដែរនូវតម្លាភាពសម្រាប់ការចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងភាពជាដៃគូរពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ព្រមទាំង

៨- សូមលើកទឹកចិត្តដល់កុមារនិងសហគមន៍ ដើម្បីត្រៀមខ្លួននិងឆ្លើយតបទៅនឹងវិបត្តិ ជម្នះរាល់ការលំបាកនានា។

៩- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រ

ឱ្យកុមារទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនិងជោគជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ

ដោយបន្តពង្រឹងសេវាគាំពារ និងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបំណិនជីវិត។

 ១០- អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ករ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្សនិងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញនិង ប្រព័ន្ធអនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។

១១- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើក កម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារ នៅក្នុងសហគមន៍ ជាពិសេសផ្តល់ឱកាសឱ្យកុមារចូលរួមក្នុងការផ្លាស់ប្តូរសហគមន៍របស់ពួកគេ។

១២- សូមពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រី/ភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗ ដើម្បីបង្ខិត ការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារ និងសហគមន៍ ជាពិសេស កុមារងគ្រោះដោយឪពុកម្តាយ ទុកចោល កុមារដែលទទួលរងអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព។

១៣-គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេស ការជួយ ដល់កុមារគ្រប់វិស័យ។

១៤- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការអនុវត្តសិទ្ធិកុមារពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖