ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យោងតាមលិខិតសរសើរ និងថ្លែងអំណរគុណ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០០ បានបញ្ជាក់យ៉ាងដូច្នេះថា, ក្នុងនាម ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង ដែលបានខិតខំ យកអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅ គ្រប់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេស ការដណ្តើមបាន ជោគជ័យជាទីពេញចិត្តជូនគណបក្សប្រជាជនកម្ពុជា ។

លោកស្រីបន្តថា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញភារកិច្ចប្រកប ដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់នៃខេត្តស្វាយរៀង ព្រមទាំង សមាជិក សមាជិកា និងសកម្មជនទាំងអស់ដែលបានចូលរួមយ៉ាងផុលផុស ក្នុងការផ្សព្វផ្សាយ និងការបញ្ជ្រាបនូវគោលនយោបាយ គណបក្ស ជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងខេត្តស្វាយរៀងឲ្យបានយល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ ក្នុងការបន្តបេសកកម្មដឹកនាំមូលដ្ឋាន ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ និងអាណត្តិបន្តទៀត ។ ជ័យជម្នះដ៏គួរឲ្យកោត សរសើរនេះ ពិតជាមិនអាចកាត់ផ្តាច់ បានពីការចូលរួមចំណែកយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជន គណបក្ស ដែលបានលះបង់ពេលវេលា និងធនធាន ចូលរួមគាំទ្រដល់បុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណ បក្សតែមួយគត់បានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ។

ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវ ភាពកាន់តែចាស់ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្ត គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ជាថ្មីម្ដងទៀត ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យ មង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្សទាំងអស់ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តរួមចំណែកក្នុងការកសាង សមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ។

ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងដែលបានបន្តគាំទ្រ និងបានផ្ដល់ជំនឿទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាគោរពតាមបទ បញ្ហា និងនីតិវិធីនានាជាធរមាន រួមចំណែកធ្វើឲ្យការរៀបចំព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕

ដោយ ៖ សិលា


ចែករំលែក៖