ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការការពារការចម្លងនៃជំងឺពងបែកដៃជើងនិងក្នុងមាត់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា ការ តាមដានជំងឺឆ្លងជាប្រចាំ ឃើញថានាបច្ចុប្បន្ននេះមានការរកឃើញជារប៉ះរប៉ោះនៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់លើកុមារតាមបណ្តាខេត្តមួយចំនួន។ បើទោះបីជាមានករណីតិចតួចក្ដីក្រសួងសុខាភិបាលសូមធ្វើ ការក្រើនរំលឹក និងជម្រាបជូនសាធារណៈជន ដូចខាងក្រោម៖ តើជំងឺពងបែកនៅដៃជើង និងក្នុងមាត់ជាអ្វី?

ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និង កុមារ ភាគច្រើនលើកុមារដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម៥ឆ្នាំ។ ជំងឺនេះកើតមាននៅ ក្នុងប្រទេសកម្ពុជាយើងតាំងពីឆ្នាំ២០១២ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកផងដែរ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ខុសពី ជំងឺជើងនិងមាត់ ដែលកើតឡើងចំពោះសត្វគោ។ ជំងឺពងបែកនៅ ដៃជើង និងក្នុងមាត់ មិនឆ្លងទៅ ឬចម្លងមកពីសត្វចិញ្ចឹម សត្វពាហនៈដទៃឡើយ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស (Enterovirus) ដែលភាគច្រើនដោយវីរុស កុកសាគី (Coxsackievirus) ហើយជាទូទៅបណ្តាលឲ្យមានជំងឺស្រាល ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាច បង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់។ រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់

ជំងឺនេះជាទូទៅចាប់ផ្តើមឡើងដោយមាន ក្ដៅខ្លួន ការហូបចុកថយចុះ អស់កំលាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងកំឡុងពេល ១ ទៅ ២ថ្ងៃ ដោយមានស្នាមចំនុចក្រហមអុចៗ និងខ្លះមាន ពងបែក នៅលើបាតដៃ ដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉ះគូទ ឬ អវៈយវៈភេទ។ រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់ក្នុងចំណោមកុមារមួយចំនួនតូច ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរ។

រោគសញ្ញា នៃជំងឺធ្ងន់ធ្ងរ រួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ទន់អវៈយវៈ និងប្រកាច់ ឬកន្ត្រាក់ដៃជើង) និង រោគសញ្ញា ពិបាកដកដង្ហើម (ហត់) ។ ក្នុងករណីឃើញរោគសញ្ញាទាំងអស់នេះនៅលើកូន សូមឪពុកម្តាយឬ អាណាព្យាបាលស្វែងរកសេវាព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យដែលជិតបំផុត។

ការព្យាបាលកុមារដែលមានជំងឺពងបែកនៅដៃជើង និង ក្នុងមាត់មិនមានការព្យាបាលជាក់លាក់ណាមួយសំរាប់ជំងឺពងបែកនៅដៃជើង និងក្នុងមាត់។ អ្នកជំងឺគួរពិសាទឹក ឲ្យបានច្រើន និងពេលខ្លះអាចត្រូវការព្យាបាលទៅតាមរោគសញ្ញា ដើម្បីបន្ថយគ្រុនក្តៅដោយថ្នាំបញ្ចុះកំដៅ និង ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្ដាលមកពីដំបៅក្នុងមាត់។ ទោះជាមិនបានទទួលការព្យាបាល អ្នកជំងឺភាគច្រើន អាចជាសះស្បើយទៅវិញក្នុងកំឡុងពេលពី ៧ ទៅ ១០ថ្ងៃ និងកម្រមានផលវិបាកណាស់។ លើកលែងតែករណី ជំងឺមួយចំនួនតូចដែលធ្ងន់ធ្ងរត្រូវទាមទារការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យដែលបានរៀបរាប់នៅចំណុចខាងលើ។ តើអាចឆ្លង/កើតជំងឺពងបែកនៅដៃជើង និង ក្នុងមាត់លើសពីមួយដងដែរ ឬ ទេ? អាច! ពីព្រោះជំងឺពងបែកនៅដៃជើង និង ក្នុងមាត់ បង្កឡើងដោយវីរុសផ្សេងៗគ្នា។ ការឈឺជំងឺនេះម្ដង អាច បង្កឲ្យមាន ប្រព័ន្ធការពារខ្លួនទៅនឹងវីរុសតែមួយប្រភេទប៉ុណ្ណោះ ដូច្នេះយើងអាចឈឺម្តងទៀតប្រសិនបើ យើងឆ្លងវីរុសប្រភេទថ្មី មួយផ្សេងទៀត។

– រយៈពេលគិតចាប់តាំងពីថ្ងៃឆ្លងវីរុសរហូតដល់ថ្ងៃចេញរោគសញ្ញាដំបូងជាទូទៅ ៣ ទៅ ៧ ថ្ងៃ។

-រោគសញ្ញាដំបូង មាន គ្រុនក្ដៅជាទូទៅមានរយៈពេលពី ១ថ្ងៃ ទៅ២ថ្ងៃ o ការហូបចុកថយចុះ អស់កំលាំង និង ជាញឹកញយឈឺបំពង់ក។

-មួយឬពីរថ្ងៃបន្ទាប់ពីគ្រុនក្តៅ អ្នកជំងឺចាប់ផ្ដើមឈឺក្នុងមាត់ ដោយមាន ចំនុចពណ៌ក្រហមតូចៗ ដែលចេញ ជាពង និងវិវត្តទៅជាដំបៅមានលើអណ្តាត អញ្ចាញ និង ផ្នែកខាងក្នុងនៃថ្ពាល់។ ស្បែកកន្ទួលមិនរមាស់ ស្នាមកន្ទួល ឬ ពងបែកជាទូទៅមាននៅលើបាតដៃ និង បាតជើង ហើយក៏អាចមាននៅលើ កំប៉ះគូទ និង អវៈយវៈភេទ។

– ជួនកាលអ្នកជំងឺ មានតែកន្តូល ឬ ដំបៅក្នុងមាត់។ ០ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានរោគសញ្ញាប្រព័ន្ធប្រសាទ និងផ្លូវដង្ហើមជាមួយគ្នា និងវិវត្តទៅរកការស្លាប់យ៉ាងឆាប់រហ័សបើគ្មានការព្យាបាលសមស្របទាន់ពេលវេលា។

តើជំងឺពងបែកនៅដៃជើង និង ក្នុងមាត់អាចការពារបានដោយរបៀបណា?

ជំងឺពងបែកនៅដៃជើង និង មាត់ជាជំងឺឆ្លង ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមការប៉ះពាល់ ផ្ទាល់ជាមួយ នឹងវត្ថុរាវ នៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពីពងបែក និង លាមកអ្នកជំងឺ។ អ្នកជំងឺអាចចំលងខ្លាំងបំផុតក្នុងសបា្តហស៍ទី១។ ជំងឺពងបែក ដៃជើង និងមាត់ មិនឆ្លងទៅ ឬ ឆ្លង មកពីសត្វ ឡើយ។

អស់ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមរំលឹក និងអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំង បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗគ្នានូវវិធានការខាងក្រោម៖

អនាម័យល្អ លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ពិសេសក្រោយពីប៉ះពាល់ ជាមួយ នឹងវត្ថុរាវ នៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពី ពងបែក និងលាមកអ្នកជំងឺ។

ត្រូវលាងសំអាតដៃអោយបានស្អាត មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណី ដល់ទារក ឬ កុមារ ក្រោយចេញពីបង្គន់ និងក្រោយប្តូរទ្រនាប់ គូទទារក ឬជូតសំអាតរាងកាយ កុមារ។ លាងសំអាតផ្ទៃ និងរបស់ដែលប្រលាក់ដោយទឹកនិងសាប៊ូ។ ជៀសវាងការប៉ះពាល់ស្និតស្នាល(ថើប អោប ប្រើប្រាស់សម្ភារៈសំរាប់ហូបចុក រួមគ្នា។ល។)

– ត្រូវបន្ត ផ្តល់អាហារដែលមានសារជាតិចិញ្ចឹមច្រើន និង ទឹកស្អាតដល់កុមារ។ ប្រើស្លាបព្រា និងចានដាច់ដោយឡែកសំរាប់កុមារនិមួយៗ។ អ្នកមើលថែទាំកុមារតូចៗត្រូវមានអនាម័យផ្ទាល់ខ្លួនល្អ។

-ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែង

រកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ។ ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំ សុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខ ទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ ៖ សិលា


ចែករំលែក៖