ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញ​​បង្ក្រាប​ករណី​រថយន្ត​ដឹកឈើ នាំទៅ​ប្រទេស​វៀតណាម​

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​៖ រថយន្ត​​ដឹកឈើប្រណិតមួយគ្រឿង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថស្នាក់ការ​សន្តិសុខ​៧៦១ សហការ​ជាមួយ សង្កាត់រដ្ឋបាល​ព្រៃឈើ ចុង​ផ្លាស់ និងស្រែ​ព្រះ បាន​បង្ក្រាប​ជាក់ស្ដែង​ដកហូត​និងរឹបអូសបាន​ឈេីមួយចំនួន។ 

ករណី​បង្រ្កាប​ការដឹកឈេីខុសច្បាប់​ខាងលេីនេះ​ បានកេីតឡេីង​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ចំការ​ស្វាយ មួយកន្លែង ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថខេត្ត​ បានឱ្យដឹងថា​ រថយន្ត​ដឹកឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​នោះ គឺ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ម​០៥-២០​ភ​.​ព​២ ចំណុះ​មួយ​តោន​កន្លះ ដោយមាន​ផ្ទុក​ឈើ ប្រភេទ​លេខ​មួយ គឺ​ឈើ​ស្រឡៅ និង​ឈើ​សុ​ក្រំ ចំនួន​១០​ដុំ​។ ឈើ​ទាំងអស់នោះ ក្រុម​ឈ្មួញ បម្រុង​ដឹក​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​។​

​ក្រោយ​ប្រតិបត្តិការ​រថយន្ត​ និង​វត្ថុតាង​ត្រូវ​បាន​សមត្ថកិច្ចដឹក​ទៅ​រក្សាទុក នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ ចុង​ផ្លាស់ និងស្រែ​ព្រះ ដើម្បី​បន្ត​នីតិវិធី​​ច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖