ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា អ៊ុយក្រែនបានយល់ព្រមឈប់ចូលជាសមាជិករបស់ណាតូហើយៗក៏មិនមានសកម្មភាពណាមួយដើម្បីសុំចូលជាសមាជិករបស់អង្គការនេះដែរ។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Igor Zhovkva បានបញ្ជាក់ថា អ៊ុយក្រែនបានយល់ព្រមបញ្ឈប់រាល់សកម្មភាពចូលជាសមាជិករបស់ណាតូ ។ ប៉ុន្តែទីក្រុងកៀវចង់មានសេចក្តីប្រកាសក្នុងគោលនយោបាយរបស់ណាតូ ។
ប្រមុខដឹកនាំប្រទេសសមាជិកណាតូ នឹងជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាស្តីពីទស្សនៈយុទ្ធសាស្ត្រជាមួយប្រទេសមិនមែនជាសមាជិករបស់ណាតូ ក្នុងនោះមានរុស្ស៊ី និងចិនជាដើម។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់ប្រធានាធិបតី Zelensky ចង់ឱ្យណាតូទទួលស្គាល់ថា អ៊ុយក្រែនជាមូលដ្ឋានគ្រឹះសន្តិសុខមួយនៅក្នុងតំបន់អឺរ៉ុប ហើយបញ្ជាក់ពីទំនាក់ទំនងរវាងអ៊ុយក្រែននឹងណាតូ ដែលបានបង្កើតទំនាក់ទំនងតាំងពីឆ្នាំ១៩៩៧មក។
ការរំពឹងចូលជាសមាជិករបស់ណាតូរបស់អ៊ុយក្រែន បានក្លាយទៅជាដើមចមក្នុងសង្គ្រាមជាមួយរុស្ស៊ី ។ អ៊ុយក្រែន បានកំណត់គោលដៅក្លាយជាសមាជិករបស់ណាតូតាមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ២០១៩ បើទោះបីរងការព្រមានពីរុស្ស៊ីក្តី៕
ដោយ៖ ធីរីណា(រូបថត ៖ Getty)