ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ៖ ស្នើឱ្យស្ថាប័នសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទបន្តរួបរួមគ្នាដើម្បីភាពរីកចម្រើនផ្នែកពុទ្ធចក្របន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីភាពរីកចម្រើនផ្នែកពុទ្ធចក្រនៅកម្ពុជាបន្ថែមទៀតនោះ លុះត្រាណាតែស្ថាប័នសង្ឃ គណៈកម្មការ អាចារ្យវត្តនិងប្រជាពុទ្ធបរិស័ទបន្តរួបរួមគ្នា បើពុំដូច្នោះទេផ្នែកពុទ្ធចក្រនៅកម្ពុជានឹងមានការអន់ថយជាក់ជាមិនខានឡើយ។ នេះជាប្រសាសន៍លើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋា ភិបាល  ក្នុងឱកាសដែលលោកនិងលោកស្រីជាភរិយាអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងមន្ត្រីសង្ឃនៃសាលាអនុគណស្រុក និងការតែងតាំងព្រះគ្រូចៅអធិការវត្តមួយចំនួននៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានទាំងពិធីស្រោចស្រពសុគន្ធវារីផងដែរ។

    នៅក្នុងពិធីនេះដែលបានប្រារព្ធធ្វើឡើង នៅវត្តសង្កែ ស្ថិតក្នុងភូមិសង្កែ ឃុំសៀងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់មន្ត្រីសង្ឃ អាជ្ញាធរស្រុក និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តផងនោះ លោក ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានស្នើឱ្យស្ថាប័នសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទបន្តរួបរួមគ្នាដើម្បីភាពរីក ចម្រើនផ្នែកពុទ្ធចក្រនៅកម្ពុជាបន្ថែមទៀត ខណៈដែលប្រទេសជាតិកំពុងតែទទួលផលពីសុខសន្តិភាពក្រោមនយោ បាយឈ្នះ=ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីស្រាប់ហើយនោះ។ លោកបានគូសបញ្ជាក់ថា៖ សុខសន្តិភាពនេះហើយគឺជាឱកាសដែលយើងទាំងអស់គ្នាត្រូវធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើននៅលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ តែវិស័យព្រះពុទ្ធសាសនានៅកម្ពុជាអាចបន្តរីកចម្រើនទៅមុខបានយូរអង្វែងទៀត លុះត្រាណាតែព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទមានការរួបរួមគ្នាជាធ្លុងមួយ ជាពិសេសព្រះសង្ឃទាំងអស់អង្គត្រូវតែគោរពឱ្យខាងតែបាននូវ ធម្មវិន័យសង្ឃ ព្រះសង្ឃត្រូវប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវក្នុងនាមជាអ្នកបួស នោះទើបទទួលបានការគោរពពីពុទ្ធបរិស័ទដែលការណ៍នេះហើយនឹងនាំឱ្យវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចម្រើន ។ 

    ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានសម្តែងនូវការអបអរសាទរចំពោះមន្ត្រីសង្ឃទាំងឡាយដែលទទួលបានការប្រកាសតែងតាំងជាមន្ត្រីសង្ឃសាលាអនុគណស្រុក និងការប្រកាសតែងតាំងជាព្រះគ្រូចៅអធិការវត្តចំនួន១១វត្តក្នុងស្រុកកំចាយមារនាពេលនេះ។ លោកសង្ឃឹមថា ព្រះតេជព្រះគុណទាំងអស់នឹងយកតួនាទីនេះទៅដឹកនាំដើម្បីភាពរីកចម្រើនក្នុងផ្នែកពុទ្ធចក្រនៅតាមវត្ត និងនៅទូទាំងស្រុកបន្ថែមទៀតជាក់ជាមិនខានឡើយ ខណៈ ដែលស្រុកកំចាយមារទាំងមូលមានវត្តចំនួន៣៧ និងអាស្រម១ មានព្រះសង្ឃសរុបចំនួន៣០៩អង្គ ភិក្ខុ១១១អង្គ សាមណេរ១៩៨អង្គ អាចារ្យចំនួន ១១១នាក់ តាជី យាយជី១៦នាក់ និងមានសាលាពុទ្ធិកបឋមសិក្សាចំនួន២ថ្នាក់ មានសមណសិស្សកំពុងសិក្សារៀនសូត្រចំនួន ៥៣អង្គ/នាក់ និងមានសាលាធម្មវិន័យចំនួន៣ មានសមណសិស្សសរុបចំនួន ៦១អង្គ៕

ដោយ ៖ សំរិត


ចែករំលែក៖