ភ្នំពេញ៖ បុរសម្នាក់ដែលបានបើកម៉ូតូល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ហើយជេរប្រមាថ និងយកខ្សែក្រវាត់វាយទៅលើសមត្ថកិច្ចនោះ ពេលនេះត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តនីតិវិធីហើយ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណៈ មាត្រា២១៧ បទហិង្សាដោយចេតនា និងមាត្រា៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលចរាចរណ៍បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខព្រៃវែង៥៤១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ ហើយនៅពេលសមត្ថកិច្ចធ្វើការឃាត់ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចទេ ថែមទាំងជេរប្រមាថមេីលងាយ និងយកខ្សែក្រវាត់វាយទៅលេីសមត្ថកិច្ចថែមទៀត បង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
បច្ចុប្បន្នបុរសខាងលេីនេះត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី