ព័ត៌មានទាន់ហេតុការណ៍៖

កម្មករពីរនាក់ត្រូវរថយន្តដឹកដីកិនពីលើបណ្ដាលឱ្យស្លាប់ម្នាក់ របួសម្នាក់ ចំណែកម៉ូតូមួយគ្រឿងឆេះខ្ទេច

ចែករំលែក៖

      ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបានជិះម៉ូតូបើកវ៉ាជែងរថយន្តដឹកដីផុតទៅហើយតែប៉ះជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យដួលក៏ត្រូវរថយន្តដឹកដីកិនពីលើម៉ូតូអូសជាច្រើនម៉ែត្រធ្វើឱ្យម៉ូតូឆេះខ្ទេច រីឯអ្នកបើកម៉ូតូស្លាប់និងអ្នករួមដំណើររងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវបេតុងកែងផ្លូវថៃហ្គ័រ ក្នុងភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

    សមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1W-2090 បេីកដោយឈ្មោះ ណុប វ៉ៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិតោល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (ស្លាប់នៅកន្លែងកេីតហេតុ) ចំណែកអ្នករួមដំណើរពីក្រោយឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិតោល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ (របួសស្រាល) ។

    សមត្ថកិច្ចបន្តថា ម៉ូតូខាងលើបេីកបរលេីផ្លូវថៃហ្គ័រ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ត្រង់ចំណុចកេីតហេតុក៏បានបើកវ៉ារថយន្ដដឹកដីមិនស្គាល់ម៉ាកនិងស្លាកលេខ ដោយបេីកវ៉ាផុតបន្តិចក៏បានបុកជាមួយម៉ូតូ០១គ្រឿងមិនស្គាល់ម៉ាកនិងស្លាកលេខ ( រត់គេចបាត់) បេីកបរលេីផ្លូវថៃហ្គ័រក្នុងទិសដៅពីកេីតទៅលិចបណ្តាលឱ្យដួលហើយត្រូវរថយន្តដឹកដីមកពីក្រោយបើកកិននិងអូសជាច្រើនម៉ែត្រធ្វើឱ្យម៉ូតូមួយគ្រឿងឆេះខ្ទេច ឯមនុស្សស្លាប់ម្នាក់ របួសម្នាក់ បន្ទាប់មករថយន្តបង្កបានបើកគេចបាត់មិននៅឈប់ទទួលខុសត្រូវឡើយ ។ 

     បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី , ចំណែកសម្ភារខូចខាតត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយបន្តនាពេលក្រោយ ។

     បើតាមសមត្ថកិច្ចបានសន្និដ្ឋានថា «មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីអ្នកបេីកបរម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1W-2090 បេីកបរខ្ជីខ្ជា ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន»៕

ដោយ ៖  ភារ៉ា ដង្កោ


ចែករំលែក៖