ក្លិបក្របខ័ណ្ឌ La Liga បានប្រកាសថា លោក Ernesto Valverde នឹងចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្លិប Athletic Bilbao ជាលើកទី៣ខណៈដែលគ្រូបង្វឹកដែលបម្រើការយូរបំផុតរបស់ក្លិបរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល១ឆ្នាំ។
លោក Valverde ដែលជាគ្រូបង្វឹកចុងក្រោយរបស់ក្រុម Barcelona និងបានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់លីគចំនួន២ និង Copa del Rey ត្រូវបានអវត្តមានពីការងារចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញនៅក្នុងខែមករា ឆ្នាំ២០២០។
លោក Valverde បាននិយាយថា “វាតែងតែមានកិត្តិយសក្នុងការបង្វឹក Athletic Bilbao។ ក្លិបនេះមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ហើយខ្ញុំដឹងពីអត្ថន័យរបស់វា មិនត្រឹមតែសម្រាប់ Bilbao ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កន្លែងជាច្រើនទៀតជុំវិញពិភពលោកផងដែរ”។
លោកបន្តថា “ខ្ញុំបានសម្រេចចិត្តត្រឡប់មកវិញ ពីព្រោះខ្ញុំជឿថា នេះគឺជាការប្រកួតប្រជែងដែលគួរឱ្យរំភើប និងទាមទារគ្រប់គ្រាន់ដើម្បីធ្វើឱ្យវាមានតម្លៃ។ គោលបំណងសំខាន់គឺធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍មោទនភាព និងអាចកំណត់អត្តសញ្ញាណជាមួយក្រុម។ យើងមានក្រុមដ៏ល្អមួយដើម្បីធ្វើការជាមួយ ហើយនោះជាអ្វីដែលយើងនឹងកំណត់ដើម្បីធ្វើ”។
បុរសវ័យ៥៨ឆ្នាំរូបនេះធ្លាប់បង្វឹកក្រុម Athletic Bilbao ចន្លោះឆ្នាំ២០០៣–២០០៥ និងឆ្នាំ២០១៣–២០១៧ ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Supercopa de Espana ក្នុងឆ្នាំ២០១៥។
គួរបញ្ជាក់ថា ក្រុម Athletic Bilbao បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ក្នុងតារាងលីគកំពូលអេស្ប៉ាញ La Liga កាលពីរដូវកាលមុន ដោយមិនមានកៅអីគ្រប់គ្រាន់សម្រាប់ការប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបណាមួយនៅរដូវកាលនេះនោះទេ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)