ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិអង់គ្លេស៖ រុស្ស៊ីបញ្ជូនទាហានបម្រុងទៅកាន់តំបន់ព្រំដែនជាប់អ៊ុយក្រែន

ចែករំលែក៖

ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា រុស្ស៊ីកំពុងតែបញ្ជូនកម្លាំងទាហានបម្រុងទៅកាន់តំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ជាការត្រៀមលក្ខណៈសម្រាប់ការធ្វើសង្គ្រាមនាពេលអនាគត។
ក្នុងពេលជាមួយគ្នានេះដែរ រុស្ស៊ី បានបញ្ជាក់ថា មិនមានគម្រោងដកទាហានចេញពីតំបន់ដែលរុស្ស៊ីកំពុងតែគ្រប់គ្រងនៅភាគខាងត្បូងអ៊ុយក្រែននោះឡើយ។ ទីក្រុងមូស្គូ បញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីនឹងរំសាយកម្លាំងទាហានអ៊ុយក្រែននៅក្នុងតំបន់ Donbass ។
នៅក្នុងឃ្លីបវីដេអូបង្ហោះនៅលើបណ្តាញ Twitter ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា «រុស្ស៊ីបានបញ្ជូនកម្លាំងទាហានចូលគៀកប្រទេសអ៊ុយក្រែន ទុកសម្រាប់ប្រើប្រាស់ក្នុងពេលចាំបាច់»។ តាមការប្រកាសរបស់ក្រសួងការពារជាតិអង់គ្លេស កម្លាំងទាហានរុស្ស៊ីដាក់ពង្រាយយ៉ាងច្រើន រួមជាមួយសពាវុធ រថពាសដែករថក្រោះ ទៀតផង។
ក្នុងពេលនេះដែរ កម្លាំងទាហានរុស្ស៊ីមិនមានគម្រោងដកចេញពីតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែននោះឡើយ។ ប៉ុន្តែទាហានអ៊ុយក្រែនបានរារាំងល្បឿនឆ្ពោះទៅមុខរបស់កម្លាំងទាហានរុស្ស៊ី ដោយប្រើប្រាស់អាវុធជាជំនួយពីប្រទេសលោកខាងលិច ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ CNBC)


ចែករំលែក៖