ព័ត៌មានទាន់ហេតុការណ៍៖

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកស្រី​ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាក់តែងច្បាប់ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អង្គភាពពាក់ព័ន្ធ តំណាងអង្គការជាតិ-អន្តរជាតិ និងមន្ត្រីជំនាញជាច្រើនរូប នៅសណ្ឋាគារហៃយ៉ាត រីជិនស៊ី ភ្នំពេញ។

ជាកិច្ចចាប់ផ្តើមនៃអង្គសិក្ខសាលា លោក Romain Santon តំណាងអង្គការ Vital Strategies បានធ្វើចំណាប់អារម្មណ៍រាយការណ៍ ដោយលោកបានសម្តែងនូវការកោតសរសើរ និងអរគុណយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារតាក់តែងច្បាប់ចំពោះកិច្ចខិតខំយ៉ាងធំធេង ក្នុងការចូលរួមរៀបចំតាក់តែងច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្មនេះចេញជារូបរាងឡើង។

លោក Romain Santon បានលើកឡើងបន្ថែមថា អភិបាលកិច្ចល្អ និងនាំមកនូវសិទ្ធិមនុស្សជាសកលហើយពលរដ្ឋ និងអាចមានលទ្ធភាពទទួលបានអត្តសញ្ញាណស្របច្បាប់ ដែលអត្តសញ្ញាណស្របច្បាប់មានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់សមធម៌ និងលទ្ធភាពទទួលបានសេវាសាធារណៈនានាដែលរដ្ឋផ្តល់ជូន។ 

នាឱកាសនោះ លោកស្រី​ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម ក៏បានមានប្រសាសន៍លើកឡើង អំពីសារៈសំខាន់នៃការតាក់តែងច្បាប់នេះឡើង ព្រោះថាក្នុងនាមជាពលរដ្ឋ ត្រូវតែការចុះបញ្ជីព្រឹត្តិការណ៍ជីវិត។ ជាមួយគ្នានេះដែរ លោកស្រីបានលើកឡើងដោយសង្ខេបនៃសារៈសំខាន់នីមួយៗដូចជា ការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព ការចុះបញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណសញ្ជាតិខ្មែរ បញ្ជីសញ្ជាតិ និងបញ្ជីលិខិតឆ្លងដែនជាដើម។

បន្ទាប់ពីបានលើកឡើងអំពីសារៈសំខាន់ នៃសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម រួចហើយនោះ លោកស្រី​ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រីទាំងអស់ ដែលជាអនុប្រធាន និងសមាជិក ក្រុមការងារតាក់តែងច្បាប់ ដែលបានប្រឹងប្រែងទាំងកម្លាំងកាយ និងស្មារតីក្នុងដំណើរការនៃការៀបចំសេចក្តីព្រាងច្បាប់នេះឡើង៕

ដោយ៖សហការី​


ចែករំលែក៖