ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីស្រីលង្កាលាលែងពីតំណែងតាមអុីម៉ែល

ចែករំលែក៖

នៅថ្ងៃទី១៤ខែកក្កដា ក្រោយប៉ុន្មានម៉ោងទៅដល់ប្រទេសសិង្ហបុរី ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានដាក់លិខិតលាលែងចេញពីតំណែង តាមអុីម៉ែលផ្ញើទៅកាន់រដ្ឋសភា។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ការិយាល័យប្រធានសភានៃប្រទេសស្រីលង្កា បានឱ្យដឹងថា លោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការហើយ ក្រោយពីលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
បើតាមការិយាល័យប្រធានសភាស្រីលង្កាបានបញ្ជាក់ថា លោក រ៉ាចាប៉ាកសា បានដាក់លិខិតលាលែងចេញពីតំណែងតាមរយៈសារអេឡិចត្រូនិក ឬ Email ហើយលិខិតនេះត្រូវឆ្លងកាត់ការត្រួតពិនិត្យមុននឹងមានការប្រកាសជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍នេះ។
លោក រ៉ាចាប៉ាកសា បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីថ្ងៃពុធកន្លងទៅនេះ ក្រោយក្រុមបាតុករបានសម្រុកចូលកាន់កាប់គេហដ្ឋានរបស់លោក។ លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាល់ឌីវ ហើយក្រោយមកទើបបន្តដំណើរទៅដល់ប្រទេសសិង្ហបុរី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Kinhtedothi


ចែករំលែក៖