ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ស្តីពីការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថា ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានការផ្លាស់ប្ដូររដូវកាល និងបង្កឱ្យកើតមានជាញឹកញាប់នូវគ្រោះធម្មជាតិ រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតដែលគ្រោះមហន្តរាយទាំងនេះបង្កនូវផលប៉ះ ពាល់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។ ដូចនេះ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាល ពីគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខនេះ ក្រសួងសុខាភិបាល សូម អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាមការណែនាំដូចខាងក្រោមនេះ ៖

*មុនពេលទឹកជំនន់

ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារ។ ធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែង ដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ព្រមទាំងត្រូវធ្វើឱ្យប្រសើរ បើបង្គន់ទាប ត្រូវធ្វើឱ្យខ្ពស់ដើម្បីការពារទឹកជំនន់។

*កំឡុងពេលមានទឹកជំនន់

មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោមព្រោះអាចស្រុតបាក់បែកបង្កឱ្យគ្រោះថ្នាក់។ មិនត្រូវប៉ះពាល់ គ្រឿងប្រើប្រាស់ អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូត នៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។

ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនបចាញ់ គ្រុនឈិកនិងជំងឺផ្សេងៗ។

ចំពោះស្រ្តីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើ ស្រ្តីគ្រប់ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោក អ្នកបំផុត។

– ត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្ដល់អាហារដល់ពួកគេឱ្យបាន ត្រឹមត្រូវ។

ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាពក្រែងមានអំពើហិង្សាផ្លូវភេទ។

ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក ឬមនុស្សចាស់នៅជិតខាង និងផ្ដល់ការគាំទ្រដល់សមាជិក គ្រួសារ ឬកុមារពិការ ដូចជាឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។

ត្រូវប្រុងប្រយ័ត្នជៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់ នៃការលង់ទឹក នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើដំណើរតាមទូក ឬ កាណូតមិនត្រូវដាក់មនុស្សហួសកំរិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយ ជាបន្ទាន់ ។

ត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាតដោយងូតទឹកដុះសាប៊ូកក់សក់ និងបោកសម្លៀកបំពាក់ឱ្យបានស្អាត ជៀសវាងនូវជំងឺសើរស្បែក ពងទឹក កមរមាស់ជាដើម។

ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅ កាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវ ស្លៀកខោជើងវែង ស្បែកជើងកវែង ជៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅ ចាប់ពស់ ឬសត្វអសិរពិស។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។

ដើម្បីជៀសវាងនូវបញ្ហារាករូស រាកមួល ពុលចំណ៏អាហារ ឬជំងឺផ្សេងៗដ៏ទៃទៀតដែលបង្កឡើងដោយទឹក ត្រូវបរិភោគទឹកស្អាត ដោយប្រើធុងចម្រះ ដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីនពីរគ្រាប់អាចលាយទឹក ២០លីត្រ)។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយទឹកស្អាត អាហារ ចម្អិនឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្រប់អាហារឱ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រម ទាំងសម្អាតកន្លែងធ្វើម្ហូប និង សម្ភារៈផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្ទះ កាំបិត ជ្រុញឱ្យបានស្អាត។ លាង សម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។

ដើម្បីជៀសវាងការចម្លងជំងឺរលាកផ្លូវដង្ហើម និងជំងឺឆ្លងកូវីដ-១៩ ជាចាំបាច់ត្រូវពាក់ម៉ាស់ ឬកូនកន្សែង ឬ ក្រមាខ្ទប់មាត់ពេលក្អក ឬកណ្ដាស់ និងត្រូវនៅឱ្យបានឆ្ងាយពីអ្នកជំងឺដែលក្អក ឬកណ្តាស់ឱ្យលើសពី ១ម៉ែត្រ កន្លះ ហើយនិងមិនត្រូវនៅក្បែរកន្លែងមានធូលីហុយបើចាំបាច់ត្រូវតែពាក់ម៉ាស់ នៅពេលដែលមានធាតុ អាកាសប្រែប្រួលភ្លាមៗ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដូចជា ការស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងជៀស វាងចេញក្រៅផ្ទះក្នុងរយៈពេលយូរ។

*ក្រោយពេលទឹកជំនន់

បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីជៀសវាងនូវជំងឺផ្សេងៗ ដែលកើនមានឡើងដោយសារមូសខាំ។

ត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈិក និងជំងឺផ្សេងៗទៀត។ ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអសិរពិស ផ្សេងៗ។

អនាម័យបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅបានបន្សល់នូវភាពកខ្វក់ និងមេរោគជា ច្រើនរស់នៅក្នុងទឹក ជៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះ នាំឱ្យមានដង្កូវទឹកកើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់។

– ត្រូវស្ដារ និងសំអាតអណ្ដូងទឹកឡើងវិញមុននឹងប្រើប្រាស់។

ព្រមទាំងជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ចជាកាលត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។

ទាំងមុនពេល ក្នុងពេល និងក្រោយពេលទឹកជំនន់ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពសូមស្វែងរកការ ពិគ្រោះពិនិត្យ និង ព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែល នៅជិតលោកអ្នកបំផុត។

ក្រសួងសុខាភិបាលបានណែនាំដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈលិខិតលេខ ០២៨ អបស/កស ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការត្រៀមឆ្លើយតបនៅពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ ដូច្នេះត្រូវត្រៀមលក្ខណៈរួចជាស្រេចនូវឱសថ បរិក្ខារពេទ្យ សេរ៉ូមប្រឆាំងពឹសពស់សម្រាប់ជួយអន្តរាគមន៍នៅពេលដែល មានពស់ចឹក ព្រមទាំងត្រៀមក្រុមគ្រូពេទ្យចល័ត ដើម្បីជួយពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋ ដែលមានបញ្ហា សុខភាពឱ្យបានល្អប្រសើរ និងទាន់ពេលវេលាទៅតាមនិយាមប្រតិបត្តិពេទ្យត្រឹមត្រូវផងដែរ។

បើមានជំងឺឆ្លងរាតត្បាតសូមទាក់ទងមកលេខទូរស័ព្ទ ១១៥ (គ្មានថវិកាក្នុងទូរស័ព្ទក៏អាចទូរស័ព្ទចូល បានដែរ)។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទលោកវេជ្ជបណ្ឌិត កុល ហេរ៉ូ : ០១៧ ៩៩៩ ៥៨៦ ឬ លោកស្រីវេជ្ជបណ្ឌិត ឡាក់ មួយសាង : ០១២ ៩២៥ ៧៤១ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖