ព័ត៌មានទាន់ហេតុការណ៍៖

ខណៈ​ទឹកភ្លៀងបន្ត​ធ្លា​ក់ស្ទើ​ររាល់ថ្ងៃ បណ្ដាលឱ្យ​ជន់លិចក្រុងកំពង់ឆ្នាំង​, រដ្ឋបាល​ក្រុង​ចុះ​ត្រួត​ពិនិត្យដើម្បី​រំដោះ​ទឹកភ្លៀង

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ លោក​យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង រួម​ដំណើរ​ជាមួយ​មន្ត្រី​មួយចំនួន នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២នេះ បាន​ចុះ​ពិនិត្យមើល​ទីកន្លែង មួយចំនួនដែល​រងជំនន់​ទឹកភ្លៀង​ជន់លិច និង​ការស្តារ​ដាក់លូដើម្បី​រំដោះ​ទឹកភ្លៀង ចេញពី​តំបន់​មួយចំនួននៅក្នុង​ក្រុង​កំពង់ឆ្នាំង ខណៈ​ដែលទឹកភ្លៀងនៅតែ​បន្ត​ធ្លាក់​ជាប់ៗ​គ្នាស្ទើ​ររាល់ថ្ងៃ ។​

   ​លោកអភិបាលក្រុង​កំពង់ឆ្នាំងបានឱ្យដឹងទៀតថា​ តំបន់​ដែល​រង​ការ​លិចលង់ដោយ​ជំនន់​ទឹកភ្លៀងក្នុង​ក្រុង​កំពង់ឆ្នាំង មាននៅ​ភូមិ​ដំណាក់​ពពូល ក្រុង​កំពង់ឆ្នាំង ដែល​កំពុងតែ​កាយ​ដាក់លូដើម្បី​រំដោះ​ទឹក​ចេញចម្ងាយ៣០០ម៉ែត្រ ប៉ុន្តែ​ការងារ​នេះ បានធ្វើ​ជិត​រួចរាល់​ទៅហើយ តែដោយសារ​ភ្លៀង​ខ្លាំងពេកទើបមានការយឺតយ៉ាវ។​

    ​ក្រោយ​ការចុះពិនិត្យ​ផ្នែក​ខាងលើ​រួច លោក យិន សា​វ៉េ​ន ក៍បាន​បន្តដំណើរចុះមក​ពិនិត្យមើលស្ថានភាព​ទំនប់​បង្ហៀ​រទឹក និង​ស្ពានឈើ​ចាស់​ទ្រុឌទ្រោមនៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង​។​

    ​ដោយ​មើលឃើញ​នូវ​ការលំបាកក្នុងការ​ធ្វើដំណើរ​ឆ្លង​កាត់​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​នោះ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត តាមរយៈ​លោក​យិន សា​វេ​៉​ន អភិបាលក្រុង​កំពង់ឆ្នាំងបាន​ជួយឧបត្ថម្ភ ថវិកាចំនួន២០០​ដុល្លារ រួម​នឹង​ថវិកា អភិបាលក្រុង​កំពង់ឆ្នាំងចំនួន៣០ម៉ឺន​រៀលប្រគល់ជូន​លោក​មេភូមិដើម្បី​ជួសជុល​ស្ពាន​នេះឱ្យបាន​ធើ្វ​ដំណើរ​ទៅមកបណ្តោះអាសន្ន ខណៈ​ផ្លូវ​នេះ មមាញឹកក្នុងការ​ធ្វើដំណើរ​ទៅមក។​

   ​ក្នុងពេលនោះ​ផងដែរ លោកអភិបាលក្រុង​កំពង់ឆ្នាំងបាន​បន្ត​ចុះទៅ​ពិនិត្យមើល​ព្រែកមួយកន្លែងទៀតនៅ​ចំណុច​ព្រែក​ព​ពាំង ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ដើម្បី​រិះរក​វិធី​នាំយក​គ្រឿងចក្រមកកាយ​បើក​ផ្លូវទឹក​រំដោះ​ចេញ គ្រា​ដែល​គេ​បាន​បិទ​ចោល​ជាយូរ​ឆ្នាំ​ហើយ ដើម្បី​បង្ហូរ​ទម្លាក់​ទៅ​ទន្លេ បន្ធូរ​ទឹក​មួយផ្នែកមក​ខាង​ទំនប់​ទ្វារ​ទឹកខាងលើកុំឱ្យ​ជន់​លិចខ្លាំងពេក​។​

    ​សូមជម្រាបជូនថា​ លោកស៊ុន សុវណ្ណារិទ្ធ​ អភិបាលខេត្ត​កំពង់ឆ្នាំងកាលពីថ្ងៃទី​១៧​ ខែកក្កដា​ ម្សិលមិញនេះ​ បាន​ចាត់​ឱ្យ​លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹកនិង​ឧតុនិយម​ខេត្តដឹក​ដី​យកមក​ចាក់​ទប់​ការហូរ​ច្រោះបាក់​ផ្លូវនៅ​ចំណុច​ទ្វា​រទឹក​ចំនួន​៨រថយន្ត ហើយ​នៅថ្ងៃនេះ​ដែរ ប្រធាន​មន្ទីរ​ធនធានទឹកនិង​ឧតុនិយម​ខេត្តកំពង់ឆ្នាំងបាន​ឱ្យរថយន្ត​ដឹក​ថ្ម និង​កន្ត្រក​ដែកយកមក​ដាក់​ដើម្បី​ទប់​ការហូរច្រោះ​បាក់​ដីនៅ​គល់​ទំនប់​ផ្នែក​ខាងត្បូង ដើម្បី​បញ្ចៀស​ការហូរ​ច្រោះ​បាក់​ធំ​ឡើង​បន្តទៀត​។​

   ជាមួយគ្នានេះ​ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយមខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៨​ ខែកក្កដា​នេះដែរថា៖ ស្ថានភាព​កម្ពស់​ទឹកទន្លេនៅ​ស្ថានីយ​ជលសា​ស្ត្រផ្សារ​ក្រោមទឹក​មាន​កម្ពស់ ៥,៤១ ម៉ែត្រ បើ​ធៀប​នឹង​ឆ្នាំ​២០២១ កម្ពស់​ទឹកទន្លេមាន​កម្ពស់៣,៦០ម៉ែត្រ។ ដោយឡែកស្ថានភាព​កម្ពស់​ទឹកភ្លៀងធ្លា​ក់នៅ៥ស្រុកមាន៦៨ មីល្លីម៉ែត្រ នៅ​ស្រុក​បរិបូរណ៍ ៕

ដោយ​៖សហការី​


ចែករំលែក៖