ខេត្តកំពង់ស្ពឺ៖ លោក ប៉ែន កាម៉ង់កា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យម្នាក់ពាក់ព័ន្ធឃាតកម្មកាប់ប្អូនប្រុសបណ្តាលឲ្យស្លាប់នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ រិន ណារ័ត្ន ភេទប្រុសអាយុ៣៥ឆ្នាំតាមដីកាលេខ៩៦២៨ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២យោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ៨៨៤កាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២។
ដីកាសន្ឋិដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៥៧២៣ ដស.បស ចុះថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២ដែលទាក់ទងនិងជនសង្ស័យខាងលើដែលបានប្រព្រឹត្តឃាតកម្មនៅចំណុចភូមិទួលសំណាង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
គួររំលឹកផងដែរកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២២មានករណីទំនាស់ពាក្យសម្តីរវាងជនសង្ស័យឈ្មោះ រិន ណារ័ត្ន ភេទប្រុសអាយុ៣៥ឆ្នាំមានមុខរបរទិញលក់អេតចាយនឹងជនរងគ្រោះមានឈ្មោះ រិន ណារ៉ូ ភេទប្រុសអាយុ២៧ឆ្នាំមានស្រុកកំណើតនៅភូមិព្រែត្បាល់ ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តងទៅ។
លោក សម សាក់ ស្នងការងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាមូលហេតុដែរជនសង្ស័យកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់នេះផ្តើមឡើងពីជនរងគ្រោះបានយកចបជីកដេញវាយមកលើខ្លួនជនសង្ស័យដែលជាបងប្រុសបង្កើត។
ហើយជនសង្ស័យបានយកកាំបិតផ្គាក់មកក្រវីការពារខ្លួនតែជ្រុលត្រូវកញ្ចឹងករជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
លោកបានបន្តថាក្រោយកើតហេតុដោយមានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍ឃុំវល្លិ៍សរសហកាជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទងបានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនិងបញ្ជូនមកស្នងការខេត្តកំពង់ស្ពឺបន្តនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា