ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែកក្កដា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកក្កដាម្សិលមិញនេះ បានធ្វើការចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដើម្បីការស្វែងរកនូវបទល្មើសមិនសុចរិតណាមួយក្នុងវិស័យប្រេងឥន្ធនៈ។
ប្រភពដដែលបន្តថា ការស្វែងរក និងត្រួតពិនិត្យជាប្រចាំនេះគឺមានគោលបំណងការពារសិទ្ធិអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យមួយនេះ ជាពិសេសគឺអនុវត្តស្របតាមច្បាប់ការពារអ្នកប្រើប្រាស់ រួមទាំងច្បាប់ផ្សេងទៀតផងដែរ។
ក្រោយប្រតិបត្តិការ តាមលទ្ធផលមន្រ្តីជំនាញបានត្រួតពិនិត្យនូវដេប៉ូប្រេងឥន្ធនៈចំនួន ១៥ទីតាំង ដោយរកឃើញមិនមានអនុលោមភាពចំនួន ៤ទីតាំងផ្សេងគ្នា និងពិន័យទៅតាមនីតិវិធី៕
ដោយ៖សហការី