ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថាមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានណាមួយថា អ្នកកើតជំងឺអុតស្វារត់គេចពីថៃចូលមកកម្ពុជានៅឡើយទេ

ចែករំលែក៖

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣ នេះថារហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានណាមួយថាបុរសស្បែកខ្មៅដែលកើតជំងឺអុតស្វារត់គេចពីថៃចូលមកកម្ពុជានៅឡើយទេ។ យ៉ាងណាក៏ដោយលោកទទួល ស្គាល់ថាសមត្ថកិច្ចនៅតាមព្រំដែនបានឃ្លាំមើលចំពោះបុរសស្បែកខ្មៅនោះយ៉ាងហ្មត់ចត់។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Thaiger បាន ឱ្យដឹងថា អាជ្ញាធរថៃ កំពុងតាមស្វែងរកបុរសសញ្ជាតិនីហ្សេរីយ៉ាម្នាក់អាយុ២៧ឆ្នាំ ដែលត្រូវបានគេកំណត់ថា ជាអ្នកជំងឺអុតស្វា ទី១របស់ប្រទេសថៃ នៅតំបន់ភូកេត។ គាត់បានបាត់ខ្លួនបន្ទាប់ពីមិនបានរាយការណ៍ទៅមន្ទីរ ពេទ្យ ហើយអាជ្ញាធរថៃកំពុងបន្តស្វែងរកបុគ្គលនេះផងដែរ។ បច្ចុប្បន្ន បុរសម្នាក់នេះ ត្រូវគេជឿថា បានរត់ចេញពីប្រទេសថៃ ដោយហែលទឹកឆ្លង ទន្លេខេត្តស្រះកែវចូលមកក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងសុខាភិបាលវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា « បន្ទាប់ពីយើងបានទទួលព័ត៍មាននៅវេលាម៉ោង២រសៀលថ្ងៃទី២២កក្កដាថាមានបុរសនីហ្សេរីយ៉ាកើតជំងឺអុតស្វាហើយបានរត់គេចពីមន្ទីរពេទ្យនៅខេត្តនៅភូកេតភ្លាមយើងបានផ្តល់ព័ត៍មាននេះដល់មន្ត្រីឆ្លើយតបបន្ទាន់នៅតាមច្រកព្រំដែនឱ្យសហការជាមួយមន្ត្រីនគរបាលតាមព្រំដែនដើម្បីតាមដានអត្ថសញ្ញាណបុគ្គលនោះ»។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថារហូតមកដល់ពេល នេះនៅមិនទាន់មានព័ត៌មានឬរបាយការណ៍ណាមួយថាបុគ្គលនោះបានចូលមកដល់ប្រទេសកម្ពុជានៅឡើយទេហើយយើងកំពុងទាក់ទងទៅជនបង្គោលនៅប្រទេសដើម្បីឱ្យគាត់តាមដានរឿងនេះជាប្រចាំពីការរុករកបុគ្គលនេះ។ចំណែកភាគីថៃក៏កំពុងតែស្វែងរកយ៉ាងសស្រាក់សស្រាំផងដែរ។

លោក វេជ្ជបណ្ឌិត លីសូវ៉ាន់បានបញ្ជាក់ថាមកទល់នឹងពេលនេះកម្ពុជានៅមិនទាន់មានករណីឆ្លងជំងឺអុតស្វានៅឡើយទេពោលគឺមានតែករណីសង្ស័យប៉ុណ្ណោះខណៈនៅពិភពលោកមានប្រទេសចំនួន២៨ហើយបានឆ្លងជំងឺអ៊ុតស្វានេះដែលមានអ្នកជំងឺចំនួន១៦៥៣៨ នាក់ក្នុងនោះថៃមាន១ករណី៕

ដោយ៖ សូរិយា


ចែករំលែក៖