ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​កណ្ដាល​ អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា សាលាបឋមសិក្សាហ៊ុន សែន ថ្នល់ទទឹង និងសាលារៀនខ្មែរ-ចិន​

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ បានឱ្យដឹងថា​ លោករួមជាមួយ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា សាសាលាបឋមសិក្សាហ៊ុន សែន ថ្នល់ទទឹង និងសាលារៀនខ្មែរ-ចិន ចេង ម៉េង ព្រមទាំងសមិទ្ធិផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

«អគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងអគារសិក្សាសាលារៀន ខ្មែរ-ចិន ចេង ម៉េង ព្រមទាំងសមិទ្ធផល នានាជាច្រើនទៀត រួមមាន ផ្លូវបេតុងអាមេ ការចាក់សាប ចាក់ដី ដាំកូនឈើ ធ្វើសួនច្បារ និងឧបករណ៍កីឡាផ្សេងៗ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានដូចជា នៅសាលាបឋមសិក្សាថ្នល់ទទឹង ក្នុង ឆ្នាំ២០១៩ មានអគារចំនួន ០១ ខ្នង ពីរជាន់ ស្មើនឹង ១២ បន្ទប់ និងនៅសាលាខ្មែរ-ចិន ចេង ម៉េងអគារសិក្សា១ខ្នង កំពស់ ០២ជាន់ មាន០៦បន្ទប់ និងអគារផ្ទាល់ដី៣ខ្នង ស្មើ១៤បន្ទប់ ដែលបានផ្តួចផ្តើមឧបត្ថម្ភការកសាងដោយលោក ឧកញ៉ា តែ អ៉ីឆែ និងលោកជំទាវ សេង ម៉ាលីនី»។

សមិទ្ធផលថ្មីទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់  ប្រកបដោយស្មារតីស្នេហាជាតិ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឆន្ទះដ៏មុតស្រួច ចំពោះវិស័យអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់សិស្សានុសិស្ស និងដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ ក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្ស “ជម្រុញការអប់រំយុវជនយ៉ាងហោចណាស់ឲ្យសិក្សាចប់ត្រឹមថ្នាក់មូលដ្ឋាន ឬថ្នាក់ទី៩” និងការផ្ដល់ការអប់រំដល់យុវជនជំនាន់ក្រោយឲ្យកាន់តែមានចំណេះដឹង-បំណិន និងសីលធម៌ខ្ពស់ស្របតាមចតុស្ដម្ភទាំង៤ នៃការអប់រំ” រៀនឲ្យមានចំណេះដឹង រៀនឲ្យមានចំណេះធ្វើ រៀនដើម្បីឲ្យក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីឲ្យចេះរស់នៅជាមួយគ្នា” ព្រមទាំងបណ្ដុះបណ្ដាលមន្ត្រីគ្រប់កម្រិត ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អក្នុងវិស័យអប់រំ”៕

ដោយ​៖សហការី​


ចែករំលែក៖