ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤:២០នាទីរសៀល ក្រុមបាតុករជាអតីត បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ប្រមាណជា ៩០នាក់ បានបន្តមកប្រមូលផ្ដុំគ្នាធ្វើ បាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្ដេចសុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុច ផ្សារទំនើបអុីអន១ មកដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យ បៀល ប្រាយ។
មិនខុសពីរាល់ដង ដោយមានការត្រៀមលក្ខណៈរួចជាស្រេច ក្រោមការរៀបចំផែនការទុកជា មុនរបស់មនុស្សមួយក្តាប់តូចដើម្បីបង្កើតព្រឹត្តិការណ៍មិនល្អមកលើអាជ្ញាធរមានសមត្ថកិច្ច និងបង្កការ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយធ្វើសកម្មភាពប្រមូលផ្ដុំគ្នាយ៉ាងអាណា ធិបតេយ្យ ដើរដង្ហែធ្វើបាតុកម្មតាមដងផ្លូវសាធារណៈ លើកបដា ស្រែកឡូឡាទាមទារនេះទាមទារនោះ ជេរប្រមាថមកលើមន្ត្រីសាធារណៈ ផ្លុំប៉ីជ័រ វាយស្គរ បង្កសម្លេងរំខានដល់គេឯង និងនាំគ្នាឈរអង្គុយ បិទចរាចរណ៍មិនឱ្យមានការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។
បន្ថែមពីលើនេះទៀត ក្នុងគោលបំណងបង្កើតរូបភាពអវិជ្ជមានផ្សេងៗដើម្បីទម្លាក់កំហុសមក លើអាជ្ញាធរអនុវត្តច្បាប់ ទៅធ្វើការផ្សព្វផ្សាយ តាមរយៈការលូកដៃចូលរួមយ៉ាងចំហរ និងសកម្មពី បុគ្គលមួយចំនួនដែលមិនមែនជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ពិសេសការញុះញង់ ក្នុងន័យដុតកម្តៅបញ្ឆេះកំហឹងពីសំណាក់ឈ្មោះ វន ពៅ និងឈ្មោះ យ៉ាង សោភ័ណ្ឌ ក្រុមបាតុករ ហ៊ានបុកទម្លាយប៉ារាស និងបង្កហិង្សាមកលើសមត្ថកិច្ច មានលក្ខណៈទ្រង់ទ្រាយធំជាងមុនដែល សមត្ថកិច្ចចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លូន។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ មួយចំនួនតូចដែលនៅសេសសល់ សូមបញ្ឈប់ការធ្វើសកម្មភាព ខុសច្បាប់ផ្សេងៗ រួមទាំងការប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការដោះស្រាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា