ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំក្រើនរំលឹក ពីវិធានការការពារជាមុន នូវការចម្លងជំងឺអុតស្វា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដានេះ បានចេញសេចក្តីណែនាំក្រើនរំលឹក ពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា។ 

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ មានការរកឃើញអ្នកជំងឺអុតស្វាសរុប ចំនួន ១៥,៧៣៤ករណី និងស្លាប់សរុបចំនួន ០៥នាក់ ដែលបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) ពីបណ្តាប្រទេសចំនួន ៧៥ប្រទេសក្នុងតំបន់ចំនួន ០៥ នៅលើសកលលោក (៧៤% នៅតំបន់អឺរ៉ុប, ២៤% នៅតំបន់អាមេរិក, ២% នៅតំបន់អាហ្វ្រិក, <5% នៅតំបន់មេឌីទែរ៉ាណេខាងកើត, និង<១% នៅអាស៊ីប៉ ស៊ីហ្វិកខាងលិច) គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ ខណៈ ពេលដែលការស៊ើបអង្កេតអេពីដេមីសាស្ត្រអំពីការរាតត្បាតកំពុងបន្ត ករណីជំងឺអុតស្វាដែលបានរាយការណ៍ ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំ សុខភាពបឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បងទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេងទៀតដែលមានលេចឡើងនៅការឆ្លងរាតត្បាតនៃជំងឺនេះ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្របពេលដែលកម្ពុជា បានរកឃើញករណីជនជាតិនីហ្សេរីយ៉ា ម្នាក់ ដែលអាជ្ញាធរថៃបានធ្វើរោគវិនិច្ឆ័យថាមានជំងឺអុតស្វាយ ហើយបានរត់គេចខ្លួនចូលមកកម្ពុជានោះ អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសដាក់ភាពអាសន្នសុខភាពសាធារណៈនៃជំងឺរាតត្បាតអុត ស្វានៅលើសាកលលោកនេះដែរ ដែលកំពុងតែជំរុញបណ្តាប្រទេសទាំងអស់ ត្រូវបង្កើនការយកចិត្ត ទុកដាក់ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ រួមទាំងការត្រៀមលក្ខណៈក្នុងការឆ្លើយតប បន្ទាន់ទៅនឹងការរាតត្បាតនៃជំងឺនេះ។ ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បុគ្គលដែលបាន ប៉ះពាល់ផ្ទាល់ជាមួយជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាយដែលបានរកឃើញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនេះ សូមដាក់ខ្លួននៅដោយឡែកពីក្រុមគ្រួសារ ហើយស្វែងរកការគាំទ្រពិនិត្យ សុខភាពពីក្រុមគ្រូពេទ្យ ឬហៅទៅលេខ ១១៥ ដើម្បីទទួលបានការជួយអន្តរាគមន៍ផ្នែកសុខភាពបានទាន់ ពេលវេលា ចៀសវាងការចម្លងបន្តនូវជំងឺអុតស្វានេះនៅក្នុងគ្រួសាររបស់ខ្លួននិងនៅក្នុងសហគមន៍យើង។

ជាមួយគ្នានេះដែរ ក្រសួង ក៏សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងព្រះរាជាណា ចក្រកម្ពុជាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសកម្មចូលរួមបន្តអនុវត្តវិធានការការពារនូវការចម្លង ជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជារឿយៗកន្លងទៅនេះ ហើយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលមានដូចខាងក្រោមនេះ៖

១. សម្រាប់ករណីសង្ស័យ ឬករណីឈឺ ៖

– ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា៖ ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាត ដៃ បាតជើង, និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើម កូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅកន្លែង ដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុម គ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជួនទៅកាន់មន្ទីរពេទ្យដែលនៅជិត។ សម្រាប់បុគ្គលខាងលើនេះ ត្រូវធ្វើតេស្ត វិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺ តាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ហើយបញ្ចូនទៅធ្វើវិភាគនៅមន្ទីពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈ ឬវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬ មានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។

– ត្រូវសាកសួរដល់អ្នកនៅជុំវិញជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នា។

– បង្កើនការតាមដាន និងរាយការណ៍ករណីជំងឺនេះ នៅក្រោមច្បាប់និយ័តកម្មអន្តរជាតិ ២០០៥ (IHR 2005) ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់។

២. សម្រាប់ប្រជាជនទូទៅ ៖

– ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតដោយសម្អាតជាមួយសាប៊ូ ឬដែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។

ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំងការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺបានជាសះស្បើយ។ 

– ចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ ពួក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារៈប្រើប្រាស់របស់បុគ្គលនេះ ដោយឡែក។

– បុគ្គលសង្ស័យដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងកំឡុងពេលធ្វើការតាមដានសុខ ភាពរយៈពេល ២១ថ្ងៃបន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។

– ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។

– ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជាជ្រុល ប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដៃ ជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។

– បុគ្គលដែលមានចេញកន្ទួលរមាស់អមដោយគ្រុនក្តៅ និងមានរោគសញ្ញាដូចខាងលើនេះ ត្រូវទៅ ពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ភ្លាមៗរហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរពិសោធន៍ផងដែរ។

 – អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអប់រំសុខភាពប្រជាជន និងលើកកម្ពស់ការយល់ដឹងស្តីពីការការពារការចម្លងរោគនៅក្នុងសហគមន៍របស់ខ្លួន។

៣. សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល (ទាំងរដ្ឋ និងឯកជន) ៖

– ការលើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ព្រមទាំងបុគ្គលិកសុខាភិបាល ត្រូវធ្វើជាចាំបាច់ ដើម្បីទប់ស្កាត់ និងបញ្ឈប់ការចម្លងបានទាន់ពេលវេលា ជាពិសេសបុគ្គលិកសុខាភិបាល ត្រូវតែអនុវត្តវិធាន ការការពារផ្ទាល់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងមានការប្រុងប្រយ័ត្ន ដោយមានការគ្រប់គ្រងការចម្លងរោគឆ្លងនៅក្នុង មន្ទីរពេទ្យឱ្យបានត្រឹមត្រូវ។

– អនុវត្តការពារការចម្លងរោគនៅក្នុងមន្ទីរពេទ្យឬមណ្ឌលសុខភាពស្របតាមលក្ខណៈបច្ចេកទេសពេទ្យដែល ធ្លាប់បានបណ្តុះបណ្តាល និងណែនាំកន្លងមកហើយនៅក្នុងបរិបទការពារជំងឺកូវីដ-១៩។ ពេលជួបករណីសង្ស័យ ឬអ្នកឈឺជំងឺនេះ ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) មុននឹងប៉ះពាល់ជាមួយអ្នកជំងឺ ឬបុគ្គលដែលសង្ស័យ។

គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយដែលកើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។ – ត្រូវតាមដាន និងកំណត់អត្តសញ្ញាណករណីដំបូង ចង្កោមនៃការឆ្លងមេរោគ ប្រភពនៃការឆ្លង ដើម្បី ការពារការឆ្លងបន្ត ឱ្យបានឆាប់បំផុត។

ត្រូវប្រុងប្រយ័ត្ន និងតាមដានយ៉ាងហ្មត់ចត់ ចំពោះអ្នកជំងឺដែលមានចេញកន្ទួលពងរមាស់លើស្បែក (rash) ឬ ពងទឹកខុសពីធម្មតា (pustular) ដែលជារឿយៗ មានគ្រុនក្តៅ និងមានរោគសញ្ញាដូចបានរៀបរាប់ ខាងលើនេះផងដែរ។

ពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីអាចរកករណ៏ សង្ស័យ ឬករណីឆ្លងបានលឿន និងអាចចាត់វិធានការណ៍សុខាភិបាលបានទាន់ពេលវេលា ចៀសវាង ការពារការចម្លងបន្តគ្នានៅក្នុងក្រុមគ្រួសារ និងសហគមន៍។

៤. សម្រាប់អ្នកដំណើរចេញចូលអន្តរជាតិ ៖

– មន្ត្រីប្រចាំការនៅច្រកចេញចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នក ដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយមានគ្រុនក្ត និងមានរោគសញ្ញាដូចរៀបរាប់ខាងលើ រួមមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកខាងអាហ្វ្រិក ដែល មានកើតជំងឺអុតស្វាបែបអង់ដូមី (Monkeypox endemic) មានដូចជា ប្រទេសបេណាំង (Benin), កាមេរ៉ូន (Cameroon, សាធារណរដ្ឋអាហ្វ្រិកកណ្តាល (the Central African Republic), សាធារណរដ្ឋប្រជាធិបតេយ្យ

កុងហ្វូ the Democratic Republic of the Congo, ហ្គាបុង (Gabon), ហ្គាណាដែលរកឃើញនៅលើសត្វត ប៉ុណ្ណោះ (Ghana identified in animals only), កូដឌីវ័រ (Ivory Coast), លីបេរឺ (Liberia), នីហ្សេរីយ៉ា (Nigeria), សាធារណរដ្ឋកុងហ្គោ (the Republic of the Congo), សេភីឡេអុង (Sierra Leone), ហ្គានិងប្រទេសស៊ូដង់ ខាងត្បូង (South Sudan) ត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥ ឬលេខដែល មានជូនខាងក្រោមនេះ។

– មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គ្រាន់តែមានការ ប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាដូចបានជម្រាបជូនចំណុចខាងលើ។

– ត្រូវណែនាំអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាងការប៉ះ ពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់) ដែលអាចមានផ្ទុកនៅវីរុសអុតស្វា (Monkeypox) នេះ (ដូច ជាពពួកសត្វកកេរ សត្វប្រភេទបែបដូចកង់ហ្គូរ៉ូ និងថនិកសត្វ) ហើយគួរចៀសវាងការបរិភោគសាច់សត្វព្រៃ។ – ត្រូវរាយការណ៍នូវរោគសញ្ញាមិនធម្មតា និងរោគសញ្ញាដែលសង្ស័យ ជូនទៅអ្នកជំនាញសុខភាព រួម

ជាមួយនឹងប្រវត្តិធ្វើដំណើររបស់អ្នកជំងឺ និងរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមានសមត្ថកិច្ច។

៥. កិច្ចសហការបច្ចេកទេស៖

ក្រៅពីវិធានការខាងលើ ក្រសួងសុខាភិបាល កំពុងធ្វើការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភព លោក (WHO) ក្នុងការតាមដានស្ថានភាពនៃការចម្លងជំងឺអុតស្វានៅលើសាកលលោក នៅក្នុងតំបន់ និងនៅ ក្នុងប្រទេស ហើយកំពុងពង្រឹងការតាមដានស្វែងរកអ្នកដែលមានឆ្លងជំងឺនេះ និងអ្នកដែលប៉ះពាល់ផ្ទាល់ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងបានទាន់ពេលវេលា។

៦. សម្រាប់ព័ត៌មានបន្ថម ៖

– ប្រសិនបើមានចម្ងល់លើករណ៏នេះ ឬសំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ឬ តាម លេខ ០១២ ៨២៥ ៨២៤ ឬ ០១២ ៨៣៦ ៨៦៨ ឬ ០១២ ៩៥៨ ១៧៥ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖