WHO៖ អង្គការសុខភាពពិភពលោកបាននិយាយថា មានករណីឆ្លងជាង ១៦,០០០នាក់ពីប្រទេស និងដែនដីចំនួន ៧៥ និងមានករណីស្លាប់ ៥នាក់។ ទិន្នន័យទទួលបានពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិកបានបង្ហាញថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ប្រទេសអេស្ប៉ាញបានបញ្ជាក់ករណីឆ្លងច្រើនជាងគេបំផុតដល់ ៣,១២៥នាក់។ ចំនួននេះខ្ពស់ជាងសហរដ្ឋអាមេរិកដែលមាន ២,៨៩០ករណី, អាល្លឺម៉ង់ ២,២៦៨ករណី និងបារាំង ១,៥៦៧ករណី។
សូមបញ្ជាក់ថា, អង្គការសុខភាពពិភពលោកបានកំពុងអំពាវនាវ ឲ្យបង្កើនវិធានការប្រុងប្រយ័ត្នប្រឆាំងនឹងវីរុសអុតស្វា ឬ (monkeypox) ចាប់តាំងពីអង្គការនេះបានប្រកាសពីការផ្ទុះរាលដាលសកលនៃវីរុសថា ជាគ្រាអាសន្នសុខភាពសាធារណៈនៃកង្វល់អន្តរជាតិកាលពីសប្ដាហ៍មុន។
អង្គការសុខភាពពិភពលោកបានចង្អុលបង្ហាញថា ការផ្ទុះរាលដាលនេះភាគច្រើនកើតឡើងនៅក្នុងចំណោមក្រុមបុរសដែលរួមភេទជាមួយបុរសដូចគ្នា ពិសេសក្រុមបុរសដែលមានដៃគូរួមភេទច្រើន ខណៈដែលអង្គការនេះក៏បាននិយាយផងដែរថា ការស្អប់ខ្ពើម និងការរើសអើងអាចគ្រោះថ្នាក់ដូចជាវីរុសនេះដែរ។ ក្រុមមន្ត្រីបានបន្ថែមថា មនុស្សគ្រប់គ្នាអាចឆ្លងវីរុសនេះ តាមរយៈការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកដែលបានឆ្លង ហើយជំងឺនេះមិនគួរត្រូវបានចាត់ទុកថាបានកំណត់ទៅលើក្រុមមនុស្សជាក់លាក់នោះទេ។
ក្រសួងសុខាភិបាលកម្ពុជា កន្លងទៅបានបញ្ជាក់ថា, សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ មានការរកឃើញអ្នកជំងឺអុតស្វាសរុប ចំនួន ១៥,៧៣៤ករណី និងស្លាប់សរុបចំនួន ០៥នាក់ ដែលបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) ពីបណ្តាប្រទេសចំនួន ៧៥ប្រទេសក្នុងតំបន់ចំនួន ០៥ នៅលើសកលលោក (៧៤% នៅតំបន់អឺរ៉ុប, ២៤% នៅតំបន់អាមេរិក, ២% នៅតំបន់អាហ្វ្រិក, <5% នៅតំបន់មេឌីទែរ៉ាណេខាងកើត, និង<១% នៅអាស៊ីប៉ ស៊ីហ្វិកខាងលិច) គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ ខណៈ ពេលដែលការស៊ើបអង្កេតអេពីដេមីសាស្ត្រអំពីការរាតត្បាតកំពុងបន្ត ករណីជំងឺអុតស្វាដែលបានរាយការណ៍ ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំ សុខភាពបឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បងទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាង ជើង ឬប្រទេសផ្សេងទៀតដែលមានលេចឡើងនៅការឆ្លងរាតត្បាតនៃជំងឺនេះ ៕
ដោយ ៖ សិលា