រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Benny Gantz បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Channel 13 ថា អុីស្រាអែលបានត្រៀមលក្ខណៈប្រើប្រាស់អាវុធដើម្បីទប់ស្កាត់ការផលិតបរមាណូរបស់អុីរ៉ង់។
រដ្ឋមន្ត្រីការពារជាតិ អុីស្រាអែល បញ្ជាក់ទៀតថា អុីរ៉ង់គឺជាបញ្ហារបស់ពិភពលោក មិនមែនជាបញ្ហារបស់អុីស្រាអែលនោះឡើយ ដូច្នេះយើងអាចវាយប្រហារអុីរ៉ង់ដើម្បីទប់ស្កាត់ប្រទេសនេះមានអាវុធបរមាណូ។
ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលអុីរ៉ង់បានបញ្ជាក់ជាច្រើនលើក មកហើយថា ប្រទេសរបស់លោក មិនមានគោលបំណងផលិតអាវុធបរមាណូនោះឡើយ ដោយអុីរ៉ង់បានប្រើប្រាស់កម្មវិធីបរមាណូដើម្បីសន្តិភាព បម្រើវិស័យថាមពលអគ្គិសនីតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២១ខែកក្កដា អគ្គនាយកចារកិច្ចអាមេរិក William Burns បានបញ្ជាក់ថា អុីរ៉ង់មិនបានផ្លាស់ប្តូរការខិតខំរបស់ខ្លួនក្នុងកម្មវិធីបរមាណូនោះឡើយ។ ទន្ទឹមនឹងនោះអុីរ៉ង់មានសារធាតុគ្រប់គ្រាន់ដែលអាចផលិតគ្រាប់បេកបរមាណូក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ៕ ដោយ៖ ធីរីណា
រូបថត ៖ RT