ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២២ ក៏ដូចជាផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការររង តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញើញចូលរួមពីលោក-លោកស្រីស្នងការរង លោកជំនួយការ លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ជាកិច្ចចាប់ផ្តើមលោកស្នងការរង ទទួលផែនការងារសេនាធិការ បានអានរបាយការណ៍ជូនដល់អង្គប្រជុំ។ ជាមួយនោះដែរ ក៏មានការចូលរួមមតិ របស់លោក-លោកស្រីស្នងការរង លោកអធិការ អំពីលទ្ធផលអនុវត្តការងារក្នុងខែកក្កដា បញ្ហាប្រឈម ទិសដៅដើម្បីអនុវត្តបន្ត។
ជាកិច្ចបញ្ចប់លោកស្នងការរង តំណាងលោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ក្នុងការខិតខំប្រឹងប្រែងនាពេលកន្លងមក ដើម្បីរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដល់ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ-អន្តិជាតិ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ទោះជាយ៉ាងណាលោកស្នងការរងជាអធិបតី បានផ្តល់ជាមតិដឹកនាំល្អៗជាច្រើនដល់អង្គប្រជុំ ជាពិសេសលោកអធិការតាមបណ្តាខណ្ឌទាំង១៤ ឲ្យយកចិត្តទុកដាក់បន្ថែមទៀតឲ្យពង្រឹងក្នុងការល្បាត និងបង្ការទប់ស្កាត់ បទល្មើសនានាកុំឱ្យកើតមានឡើង៕
ដោយ ៖ សិលា