ភ្នំពេញ ៖ រហូតមកដល់ព្រឹកថ្ងៃទី២៧ខែកក្កដានេះស្ថានភាពសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា មានអាការៈធម្មតាទេ ហើយជនជាតិនីហ្សេរីយ៉ាក៏រំពឹងថា នឹងជាសះស្បើយឆាប់ៗនេះដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង មានប្រសាសន៍ថា អ្នកប៉ះពាល់ចំនួន៥នាក់ជាមួយអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាលទ្ធផលតេស្តបង្ហាញថាអវិជ្ជមានទាំងអស់ហើយស្ថានភាពសុខភាពអ្នកជំងឺល្អធម្មតានិងបានជាសះស្បើយឆាប់ៗនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺនិងចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋនៅសង្កាត់គោកឃ្លៀងនៅព្រឹកថ្ងៃទី២៧កក្កដានេះលោករដ្ឋមន្ត្រីបានបន្តថា រហូតមកដល់ពេលនេះស្ថានភាពសុខភាពអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាមិនមានអ្វីធ្ងន់ធ្ងរទេហើយគាត់នឹងជាសះស្បើយឆាប់ៗនេះ។ចំណែកអ្នកប៉ះពាល់ផ្ទាល់៥នាក់ជាមួយអ្នកជំងឺនេះក៏មិនមានឆ្លងជំងឺនេះដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីមានប្រសាសន៍ថា អ្នកប៉ះពាល់ចំនួន៥នាក់ជាមួយអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាលទ្ធផលតេស្តបង្ហាញថាអវិជ្ជមានទាំងអស់ហើយស្ថានភាពសុខភាពអ្នកជំងឺល្អធម្មតានិងបានជាសះស្បើយឆាប់ៗនេះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «យើងត្រូវប្រុងប្រយ័ត្នខ្ពស់បើទោះបីជាវាមានចំនួនតិចនិងជាករណីនាំចូលហើយអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺ៥នាក់នោះក៏មិនមានឆ្លងដែរក៏ដោយត្រូវបន្តតាមដានអ្នកជំងឺបន្តរហូតដល់២១ថ្ងៃជាបន្តទៀត។ដូច្នេះយើងត្រូវប្រុងប្រយ័ត្នពិសេសអាជ្ញាធរមូលដ្ឋានដូចជានៅតាមច្រកចេញចូលតាមព្រំដែនអន្តរជាតិទាំងអស់ព្រោះថាមិនមែនកើតនៅស្រុកខ្មែរយើងទេវាជាករណីនាំចូលតែបើយើងមិនពិនិត្យតាមដានឱ្យបានហ្មត់ចត់ទេវានឹងអាចឆ្លងក្នុងសហគមន៍របស់យើង»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាជាការកត់សំគាល់អ្នកដែលឆ្លងជំងឺអុតស្វានេះភាគច្រើនចូលចិត្តទៅកន្លែងកំសាន្តសប្បាយហើយមិនមានការប្រុងប្រយ័ត្ន។
បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វានេះមានឈ្មោះ អូសម៉ុងសាហាហ្សីរីមមានអាយុ២៧ឆ្នាំបានគេចខ្លួនពីប្រទេសថៃហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជាត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣កក្កដានៅម្តុំផ្សារដើមថ្កូវ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បច្ចុប្បន្ននេះបុរសនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតហើយការព្យាបាលជំងឺមិនបានគិតប្រាក់ទេ៕
ដោយ៖ សូរិយា