ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្ត្រីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា និងសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យខេត្តសៀមរាប បានទទួលអ្នកជំងឺម្នាក់ ដែលជាស្ត្រីមានផ្ទៃពោះ ៨ខែ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្រ្តីរូបនេះ មានរោគសញ្ញ ចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) ដែលស្វាមីបាននាំមកពិនិត្យព្យាបាលជំងឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយបានសហការជាមួយក្រុមគ្រូ ពេទ្យឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចុះទៅសាកសួរពិនិត្យ ស្ថានភាពអ្នកជំងឺផ្ទាល់ និងបានយកវត្ថុសំណាករបស់អ្នកជំងឺ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅ ពិនិត្យវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផល អវិជ្ជមានវីរុសអុតស្វា នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ គាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្តើរៗ ក្រោមការជួយពិនិត្យ តាមដាន និងព្យាបាលជំងឺនេះជូនគាត់ ដោយក្រុម គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនសាធារណជនមេត្តាជ្រាប និងសូមចូលរួមអនុវត្ត វិធានការការពារការចម្លងវីរុសអុតស្វាទាំងអស់គ្នា តាមការណែនាំរបស់ក្រសួង ដែលបាន ចេញផ្សាយ ជារឿយៗ មកហើយ។ ប្រសិនបើមានចម្ងល់លើករណីនេះ ឬសំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ឬ តាម លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៨៣៦ ៨៦៨ ឬ ០១២ ៩៥៨ ១៧៩៕
ដោយ ៖ សុខ ខេមរា