ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន និងប្រធានាធិបតីចិនលោកស៊ី ជីនពីង នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃទី២៨ខែកក្កដា ដោយផ្តោតទៅលើបញ្ហាសំខាន់ៗនៅលើពិភពលោក និងទំនាក់ទំនងទ្វេភាគី។
កាលពីថ្ងៃទី២៦ខែកក្កដា លោក John Kirby ឧបការីទទួលបន្ទុកទំនាក់ទំនងស្តីពីយុទ្ធសាស្ត្រនៃ គណៈកម្មការសន្តិសុខជាតិអាមេរិក បានឱ្យដឹងថា គោលដៅសំខាន់នៃជំនួបពិភាក្សាតាមទូរស័ព្ទគឺការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោក។ លោក John Kirby បានបញ្ជាក់ថាប្រទេសទាំងពីរមានបញ្ហាជាច្រើនប្រឈមមុខដាក់គ្នាដែលត្រូវពិភាក្សា ហើយក៏មានកិច្ចការជាច្រើនទៀតដែលត្រូវសហការគ្នាផងដែរ។
បញ្ហាដែលប្រទេសទាំងពីរចាប់អារម្មណ៍បំផុតហើយត្រូវពិភាក្សាគ្នានោះ គឺទីក្រុងវ៉ាស៊ីនអាចនឹងត្រូវលុបពន្ធដារមួយចំនួនលើទំនិញនាំចូលពីប្រទេសចិន។ ប៉ុន្តែនៅពេលនេះប្រធានាធិបតីបៃឌិនមិនទាន់សម្រេចចុងក្រោយថាតើត្រូវលុបពន្ធដារដែលអតីតប្រធានាធិបតីដូណាល់ ត្រាំបានអនុវត្តទៅលើប្រទេសចិនដែរឬយ៉ាងណានោះទេ។
ក្រៅពីនេះក្រុមអ្នកឯកទេសបានលើកឡើងថា មេដឹកនាំប្រទេសទាំងពីរក៏នឹងពិភាក្សាពីបញ្ហាអ៊ុយក្រែន និងកោះតៃវ៉ាន់ផងដែរ៕
ដោយ៖ ធីរីណា(រូបថត៖ AFP/TTXVN)