ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាល ៖ សមត្ថកិច្ចទៅដល់ពុំឃើញមានអ្នកញៀនលេងល្បែងបញ្ជល់មាន់នោះទេ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ចូលក្នុងប្រអប់សារផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ ជំរាបសួរលោកស្នងការ ខ្ញុំបាទសូមរាយការណ៍ នៅត្រង់ចំណុចភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មានល្បែងស៊ីសង(ជល់មាន់) ហេតុដូច្នេះហើយសូមបងពិនិត្យមើលទីតាំងខាងលើផង សូមអរគុណទុកជាមុន អ្នកបើកទីតាំងខាងលើ ឈ្មោះ ឈឿន។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកស្អាង ស្រាវជ្រាវបង្រ្កាបទីតាំងខាងលើជាបន្ទាន់។

ជាលទ្ធផល៖

នៅថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាលចត្វា ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣០នាទី លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល នៃអធិការរដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវដល់ទីតាំងខាងលើ ស្ថិតលើដីរបស់ឈ្មោះ ប៉ូ វ៉ាន់នី ភេទប្រុសអាយុ៥៧ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ នៅពេលដែលសមត្ថកិច្ចទៅដល់ពុំឃើញមានអ្នកញៀនលេងល្បែងបញ្ជល់មាន់នោះទេ។ 

តាមការបំភ្លឺឈ្មោះ ប៉ូ វ៉ាន់នី (ម្ចាស់ដី) ប្រាប់ថា៖ មុនសមត្ថកិច្ចចុះមកដល់ប្រហែលជាងមួយម៉ោងមានក្មេងៗណាត់គ្នាជល់មាន់មួយគូមែនរួចក៏ឈប់អស់ទៅ។ ប៉ុន្តែកន្លងមកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមានក្មេងៗណាត់គ្នាជល់មួយគូ ឬពីរគូពិតប្រាកដមែន។

ជាចំណាត់ការ : សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានហៅឈ្មោះ ប៉ូ វ៉ាន់នី និងឈ្មោះ ម៉ៅ ឈឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ (អ្នកធ្វើអាជ្ញាកណ្ដាល) មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់ដាច់ខាតការលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅ ហើយប្រសិនថ្ងៃក្រោយមិនរាងចាលសមត្ថកិច្ចបង្រ្កាបចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖