ព័ត៌មានទាន់ហេតុការណ៍៖

តើស្ថានភាពសុខភាពអ្នកជំងឺអុតស្វា និងអ្នកប៉ះពាល់ទាំង ៥ នាក់យ៉ាងណាហើយ?

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាមុខជាចង់ដឹងអំពីស្ថានភាពសុខភាពអ្នកជំងឺអុតស្វានឹងអ្នកប៉ះពាល់ទាំង៥នាក់នោះថារហូតមកដល់ពេលនេះយ៉ាងដូចម្ដេចទៅហើយ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល រហូតមកដល់រសៀលថ្ងៃទី២៩ខែកក្កដានេះស្ថានភាពសុខភាពរបស់បុរសជនជាតិនីហ្សេរីយ៉ាក៏ដូចជាអ្នកប៉ះពាល់ទាំង៥ នាក់ នោះមិនមានអ្វីប្លែកនោះឡើយ។

 រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៩ ខែកក្កដានេះថា រហូតមកដល់ពេលនេះ ស្ថានភាពសុខភាពអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ា និងអ្នកប៉ះពាល់ ៥ នាក់ គឺមានលក្ខណៈធម្មតាមិនមានអ្វីប្លែកទេ។ ស្ថានភាពអ្នកជំងឺអុតស្វាអាចជាសះស្បើយឬយ៉ាងណានោះវាអាស្រ័យលើការវិវត្តន៍នៃជំងឺ ។

ប៉ុន្តែបើតាមលោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា អ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា អាចនឹងជាសះស្បើយឆាប់ៗនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំងដូសជំរុញ ដល់ពលរដ្ឋនៅសង្កាត់គោកឃ្លាង កាលពីថ្ងៃទី ២៧ ខែ កក្កដានេះ លោករដ្ឋមន្ត្រីបានបន្តថា ស្ថានភាពសុខភាពអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា មិនមានអ្វីធ្ងន់ធ្ងរទេ ហើយគាត់នឹងជាសះស្បើយឆាប់ៗនេះ។ ចំណែកអ្នកប៉ះពាល់ផ្ទាល់ ៥ នាក់ជាមួយអ្នកជំងឺនេះ ក៏មិនមានឆ្លងជំងឺនេះដែរ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាវាមានចំនួនតិច និងជាករណីនាំចូល ហើយអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺ ៥ នាក់នោះក៏មិនមានឆ្លងក៏ដោយ ត្រូវបន្តតាមដានអ្នកជំងឺបន្តរហូតដល់ ២១ ថ្ងៃជាបន្តទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យអាជ្ញាធរនៅតាមច្រកចេញចូលតាមព្រំដែនអន្តរជាតិទាំងអស់ មានការប្រុងប្រយ័ត្នព្រោះថា ជំងឺអុតស្វាមិនមែនកើតនៅស្រុកខ្មែរទេ វាជាករណីនាំចូល តែបើយើងមិនពិនិត្យតាមដានឱ្យបានហ្មត់ចត់ទេ វានឹងអាចឆ្លងក្នុងសហគមន៍របស់យើង។ 

គួរបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វានេះ មានឈ្មោះ អូសម៉ុងសាហាហ្សីរីម មាន អាយុ ២៧ឆ្នាំ បានគេចខ្លួនពីប្រទេសថៃ ហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី ២៣ ខែកក្កដា នៅម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។បច្ចុប្បន្ននេះបុរសនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀត ហើយការព្យាបាលជំងឺមិនបានគិតប្រាក់ទេ៕

ដោយ៖ សូរិយា


ចែករំលែក៖