ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅតំបន់អភិរក្ស ៨០% បានចូលរួមការរុះរើសំយាបមុខផ្ទះ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងបញ្ជាការកងឯកភាពខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ នេះ ក្រោយការជូនដំណឹងជាសាធារណ: ជាបន្តបន្ទាប់ និងច្រើនថ្ងៃ រហូតដល់ថ្ងៃកំណត់ថ្ងៃទី ០១ ខែសីហានេះ បងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើនជាអ្នកលក់ដូរមានការភ្ញាក់រលឹកបានចូលរួមរុះរើសំយាបមុខផ្ទះរបស់ពួកគាត់រៀងៗខ្លួនដោយមានស្មាតីសហការខ្ពស់ មកទល់ម៉ោងជិត ១០និង០០ព្រឹកនេះប្រជាពលរដ្ឋរុះរើបានប្រមាណជា ៨០%ហើយ។

ប្រភពព័ត៌មានពីកម្លាំងបញ្ជាការកងឯកភាពខេត្តបានបន្ថែមថា÷ ក្រៅពីបងប្អួនប្រជាពលរដ្ឋដែលបានចូលរួមរុះរើខាងលើ ពួកគាត់ជាម្ចាស់លំនៅឋានមួយចំនួនទៀតបានស្នើសុំពន្យារពេលត្រឹមរយ:ពេលខ្លីដោយសារពួកគាត់រកជាងមិនទាន់បាន។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់ជុំវិញការរៀបចំតំបន់អភិរក្សនេះថា÷ ការរៀបចំតំបន់អភិរក្សនេះដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានឲ្យបានល្អប្រសើរទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកលេងកម្សាន្តក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រប្រកបដោយសក្តានុពលរបស់យើងទាំងអស់គ្នា ពិសេសសំដៅការប្រកួតប្រជែងជាសកលនៅលើឆាកអន្តរជាតិ។

គួររំលឹកថា÷ការកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបងនេះអនុវត្តន៍ទៅលើលំនៅឋានបុរាណត្រង់ចំណុចផ្លូវខេត្តលេខ ១កន្លះ, ផ្លូវលេខ ២, ផ្លូវលេខ ២កន្លះ, ផ្លូវខេត្តលេខ ៣ និងកំណាត់ផ្លូវកាត់ទទឹងមួយចំនួនទៀត ក្នុងរង្វង់តំបន់អភិរក្សចាប់ពីចំណុចវត្តពិភិទ្ធារាម ដល់វត្តដំរី.ស ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្នុងនោះកែសម្រួលឲ្យរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញ អនុញ្ញាតត្រឹមតែ ១ភាគ ៣នៃខឿនផ្លូវមុខ ឬចំហៀងផ្ទះ និងមានកម្ពស់ស្មើៗគ្នាតាមការកំណត់របស់ក្រុមការងារផងដែរ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖