សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា យន្ដហោះចម្បាំងចិនជាច្រើនគ្រឿងបានហោះទៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលមានសេចក្ដីរាយការណ៍កាន់តែច្រើនថាប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ត្រូវបានរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់តៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ។
យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្វែលទៅក្បែរតំបន់ ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ចាប់តាំងពីថ្ងៃចន្ទម្សិលមិញមកម្ល៉េះ រីឯតៃវ៉ាន់ក៏បានបញ្ជូនយន្ដហោះចម្បាំងដើម្បីតាមឃ្លាំមើលសកម្មភាពយន្ដហោះចម្បាំងចិន ផងដែរ។ ប៉ុន្តែភ្លាមៗនោះទាំងខាងក្រសួងការពារជាតិចិន និងតៃវ៉ាន់មិនទាន់ធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងព័ត៌មានខាងលើឡើយ។ ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ គឺជាតំបន់ទ្រនាប់មួយដែលត្រូវបានបង្កើតឡើងដើម្បីខណ្ឌចែករវាងចិននឹងតៃវ៉ាន់។
លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅសិង្ហបុរី មិនទាន់បញ្ជាក់ជាផ្លូវការថា តើលោកស្រីនឹងបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ឬក៏យ៉ាងណានោះទេ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅតៃវ៉ាន់នៅថ្ងៃអង្គារនេះ ខណៈដែលយោធាចិនក៏បានព្រមានដែរថានឹងចាត់វិធានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់។
សេតវិមានប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានព្រមានចិនប្រឆាំងនឹងការធ្វើសកម្មភាពបង្កហេតុ ឬភាពតានតឹងពាក់ព័ន្ធនឹងគម្រោងនៃដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមិនមែន ឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរគោលនយោបាយអាមេរិកនោះឡើយ៕
ដោយ៖ ធីរីណា