ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​នៅស្រុកក្រូចឆ្មារ ទទួល​បានការពិនិត្យពិគ្រោះជំងឺ និងព្យាបាលវះកាត់ដោយឥតគិតថ្លៃ​

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ពិនិត្យ ពិគ្រោះជំងឺ និងព្យាបាលវះកាត់ដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋនៅស្រុកក្រូចឆ្មារនិងប្រជាពលរដ្ឋនៅស្រុកជុំវិញ។ 

ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន ដឹកនាំដោយលោកស្រី វេជ្ជបណ្ឌិត KOJIRO Maiko និងលោកវេជ្ជបណ្ឌិត MATSUNAGA AKihiro សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានផ្ដល់សេវាពិនិត្យ ពិគ្រោះជំងឺ និងព្យាបាលដោយឥតគិតថ្លៃ នូវជំងឺវះកាត់ដុំខ្លាញ់លើរាងកាយ ជំងឺក្រិនស្អិតសរសៃឈាម ជំងឺកូនកណ្ដុរផ្សេងៗ វះកាត់ដុំពកនិងស្រាវជ្រាវរកជំងឺមហារីក ជូនដល់ពលរដ្ឋនៅស្រុកក្រូចឆ្មារចំនួន ៥ថ្ងៃ។ ការពិនិត្យនិងពិគ្រោះជំងឺនេះ ធ្វើនៅថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា​ ឆ្នាំ​២០២២ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ 

 ក្នុងការពិនិត្យ ពិគ្រោះ និងវះកាត់ដុំពក គិតត្រឹមរយៈពេល៣ថ្ងៃ ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានពិគ្រោះជំងឺសរុបបាន៣៣៨នាក់ ស្រី១៩៩នាក់ អ្នកដែលត្រូវវះកាត់មានចំនួន៨៦នាក់។

អង្គការបេះដូងជប៉ុន គឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលផ្តល់ជូនដោយមិនគិតប្រាក់។ 

ទន្ទឹមនឹងនេះ ការពិនិត្យ ពិគ្រោះ និងវះកាត់ដុំពក របស់ក្រុមគ្រូពេទ្យជប៉ុន និងក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកស្រុក ជូនប្រជាពលរដ្ឋ នាឱកាសនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ចេញពីចិត្ត ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏ដូចជាតាមបណ្ដាខេត្តនានាដទៃទៀតទូទាំងប្រទេសកម្ពុជាផងដែរ។

 គួរបញ្ជាក់ថា ៖ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់១.៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើប។ ជាមួយគ្នានេះមន្ទីរពេទ្យបង្អែងស្រុកក្រូចឆ្មារ មានបំពាក់ដោយសម្ភារៈបរិក្ខាពេទ្យទំនើបៗ អគារ បន្ទប់ល្អ និងមានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ បម្រើសេវាដោយយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនប្រជាពលរដ្ឋ៕

ដោយ​៖សហការី​


ចែករំលែក៖