ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល១ឆ្នាំនេះកម្ពុជា ផលិតដុំមាសបានជាង ៣ តោន ឬប្រហាក់ប្រហែលចំណូលបានជាង ៤លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ចំណូលពីសួយសាររ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals Cambodia Limited នៅខេត្តមណ្ឌលគិរី ដែលបានដំណើរការ កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១ ដោយគិតត្រឹមថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុនចម្រាញ់ផលិត​មាសបានចំនួន ២០៦ ដុំ ស្មើនឹង ៣ ០៩០,២០ គីឡូក្រាម ដែលសួយសារ​នេះ គ្រោងទទួលបានប្រមាណ ៤ ៦៣៥ ៣០០ ដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ធ្លាប់បានមានប្រសាសន៍កន្លងមកថា ទោះបីប្រទេសកម្ពុជាផលិតប្រេងមិនបាន តែអាចផលិតបានមាស។ សម្តេចតេជោ បានបន្តថា កម្ពុជាបានផលិតមាសកាន់តែច្រើនទៅៗ ដោយសារប៉ូល​សេដ្ឋកិច្ចនៅទិសឦសាន្ត គឺជាកសិឧស្សាហកម្ម និងសម្បូរដោយធនធានរ៉ែ។ លើសពីនេះទៀត សម្តេច បានសង្កត់ធ្ងន់ថា កម្ពុជា នៅមិនទាន់ស្រាវជ្រាវអស់នៅឡើយ ដូចជា រ៉ែបុកស៊ីត រ៉ែធ្យូថ្ម និងមាន​កន្លែងផលិត​មាសដទៃទៀត ដែលមិនទាន់បានប្រើប្រាស់នោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយ របស់អូស្ត្រាលី ដែលទទួលបាន​អាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍរ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រោងចក្រចម្រាញ់រ៉េមាសនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវ កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១។ 

ផលិតផលដុំមាស ដែលចម្រាញ់បានពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ នឹងយកទៅបន្សុទ្ធបន្ថែម​នៅរោងចក្របន្សុទ្ធមាស ដែលមានទីតាំងនៅប្រទេសអូស្រ្តាលី ដើម្បីផលិតបាន​ជាមាស​ទឹក៩៩%(មាសទឹក ៩៩% គឺជាមាសទឹក១០ ដោយសារជាទូទៅមាសទឹក១០ ភាគច្រើនស្ទើរទឹក ទើបគេនិយាយថា មាសទឹក ៩៩%)។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ប្រាប់នាពេលកន្លងមក៕

ដោយ៖ សូរិយា


ចែករំលែក៖