ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគាស់ក្រឡ បង្ក្រាបឃាត់ខ្លួនជនរក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ចំនួន ៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៥​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការ បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វើការបង្ក្រាបករណីរក្សាទុក ចែកចាយ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី​ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់​ កាលពី​រសៀល​ថ្ងៃទី០៤ ខែសីហាម្សិលមិញនេះ​ ស្ថិតត្រង់ចំណុចក្រុមទី០៤ ភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

របាយការណ៍​ដដែល​បន្តថា​ ក្នុងកិច្ចប្រតិបត្តិការនេះ ជំហាន​ដំបូង​កម្លាំង​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ស៊ីម រីន ភេទប្រុស អាយុ ៣៦ឆ្នាំ ។ ២-ឈ្មោះ មាស ស្រីយ៉ា ភេទស្រី អាយុ ៣៧ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៨ថង់

-ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាកវីវ៉ូ Vivo ពណ៌ខៀវ 

-ដែកកេសចំនួន ០៤

-កូនថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ។

ក្រោយធ្វើការសាកសួររួច និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកអធិការស្រុកគាស់ក្រឡបានដឹកនាំកម្លាំងជំនាញបានបន្តនីតិវិធី ធ្វើការឃាត់ខ្លួនមេខ្លោង ០១នាក់ទៀត ឈ្មោះ ហុង សៅរ៍ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅចំណុចក្រុមទី០៩ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ជាលទ្ធផលសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖

-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ

-ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាកវីវ៉ូ Vivo ពណ៌ត្រួយចេក ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ រួមនឹងវត្ថុតាងត្រូវបាននគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖អារុណ​រះ


ចែករំលែក៖