ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៥ ខែសីហា ឆ្នាំ២០២២នេះថា៖ “ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងករណីដែលផ្សព្វផ្សាយអំពីបុគ្គលម្នាក់ជិះរថយន្តដេញតាមកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ ហើយទាញអាវមកពាក់ដែលជាឯកសណ្ឋានកងរាជអាវុធហត្ថនោះជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំទទួលបានព័ត៌មាននេះរួចហើយ និងកំពុងធ្វើការស្រាវជ្រាវដើម្បីរកការណ៍ពិត”។
កងរាជអាវុធហត្ថនឹងជម្រាបជូននូវលទ្ធផលក្រោយពីបញ្ចប់ការស្រាវជ្រាវ ស៊ើបអង្កេត។ កងរាជអាវុធហត្ថមិនអនុញ្ញាតឱ្យយោធិននៃកងរាជអាវុធហត្ថ ប្រព្រឹត្តល្មើសច្បាប់ ឬល្មើសវិន័យ រួចខ្លួនឡើយ។ សូមគោរពអរគុណចំពោះការផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះ៕
ដោយ៖សហការី